យោងតាមការអះអាងរបស់មន្រ្តីមួយរូបមកពីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយបង់ក្លាដែស បានឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់ធ្ងន់ធ្ងរនៅតំបន់ភាគខាងលិចបង់ក្លាដែស បានកើនឡើងដល់ ១៣នាក់ ស្របពេលដែលផ្ទះសម្បែងប្រជាពលរដ្ឋរងការជន់លិច ហើយមនុស្សរាប់លាននាក់ បានជាប់ខ្លួននៅក្នុងតំបន់ ។
រូបភាពវីដេអូឃ្លីបនៅថ្ងៃសុក្រនេះ ឃើញប្រជាពលរដ្ឋនៅក្នុងទឹកជម្រៅត្រឹមដើមទ្រូងជិតផ្ទះរបស់ពួកគេ ស្ថិតក្នុងស្រុកភាគខាងលិច Comilla ។
ចំណែកឯនៅស្រុក Habiganj ចរន្តទឹកហូរខ្លាំងពីទន្លេឡើងទឹក ត្រូវបានគេមើលឃើញហូរកាត់ផ្ទះប្រជាពលរដ្ឋរងការជន់លិច ស្របពេលដែលភ្លៀងនៅតែបន្តបង្អុរចុះ ។
ក្រុមមន្រ្តីជួយសង្រ្គោះ និងគ្រប់គ្រងគ្រោះមហន្តរាយ និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការតភ្ជាប់ផ្លូវសំខាន់ៗនៅតាមតំបន់ជាច្រើន រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យដាច់ដោយឡែកតំបន់សហគមន៍ និងបានរារាំងដល់ដំណើរការជួយសង្រ្គោះ ក្នុងនោះការព្យាករណ៍ពីភ្លៀងធ្លាក់ឥតឈប់ឈរ ធ្វើឲ្យមានក្តីកង្វល់ពីគ្រោះទឹកជំនន់បន្ថែមទៀត ក៏ដូចជាការជម្លៀសពលរដ្ឋចេញពីតំបន់ប្រឈមហានិភ័យខ្ពស់ ។
គួរឲ្យដឹងថា ការវិភាគមួយកាលពីឆ្នាំ ២០១៥ ដោយវិទ្យាស្ថានធនាគារពិភពលោក បានប៉ាន់ប្រមាណថា ពលរដ្ឋ ៣,៥លាននាក់នៅប្រទេសបង់ក្លាដែស ដែលជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសងាយរងគ្រោះខ្លាំងបំផុតដោយសារអាកាសធាតុនៅលើពិភពលោក ប្រឈមហានិភ័យនៃទឹកជំនន់ប្រចាំឆ្នាំ ៕


