បេសកជនចិនមួយរូប កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យអ៊ីស្រាអែល បញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធាទាំងអស់ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ខណៈដែលរយៈពេលជាង១០ខែ នៃការបិទផ្លូវ ការឡោមព័ទ្ធ ការទម្លាក់គ្រាប់បែក និងការវាយប្រហារនៅតំបន់ហ្កាហ្សា បានសម្លាប់មនុស្សជាង ៤០.០០០នាក់ និង ១,៩ លាននាក់ ត្រូវបានផ្លាស់ទីលំនៅ។
លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ (UN) បានធ្វើការអត្ថាធិប្បាយនៅសន្និសីទក្រុមប្រឹក្សាសន្តិសុខUN អំពីស្ថានភាពនៅមជ្ឈិមបូព៌ា រួមទាំងបញ្ហាប៉ាឡេស្ទីនថា ប្រមាណ៨០ភាគរយនៃផ្ទះសម្បែង នៅក្នុងតំបន់ហ្កាហ្សា ត្រូវបានបំផ្លាញ ហើយ៨៥ភាគរយនៃតំបន់នេះ គឺស្ថិតនៅក្រោមការបញ្ជាជម្លៀសជាបន្ទាន់ ដែលដាក់ចេញដោយយោធាអ៊ីស្រាអែល។
លោកបានសង្កត់ធ្ងន់ថា៖«សោកនាដកម្មបែបនេះ មិនអាចបន្តទៅមុខទៀតទេ» ។
លោកឯកអគ្គរដ្ឋទូត បាននិយាយថា ខណៈពេលដែលសហគមន៍អន្តរជាតិ បានធ្វើការអំពាវនាវច្បាស់លាស់ម្តងហើយម្តងទៀត ដើម្បីឲ្យមានបទឈប់បាញ់ និងការបញ្ចប់ការប្រយុទ្ធគ្នានោះ «អ៊ីស្រាអែល មិនបានយកចិត្តទុកចំពោះការអំពាវនាវទេ ហើយក៏មិនបានបង្ហាញសញ្ញាណាមួយនៃបទឈប់បាញ់នោះដែរ»។