
ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ទទួលថវិកា និងស្បៀងពីក្រុមហ៊ុនឯកជន ដើម្បីនាំយកទៅចែកជូនកងកម្លាំងឈរជើងនៅតំបន់ប្រាសាទព្រះវិហារ និងតំបន់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលអំណោយជាថវិកា និងស្បៀងអាហារមួយចំនួនពីក្រុមហ៊ុនឯកជន ដើម្បីនាំយកអំណោយ និងស្បៀងអាហារទាំងនេះទៅសួរសុខទុក្ខ និងផ្តល់ជូនដល់កងកម្លាំង ដែលកំពុងឈរជើងប្រចាំការនៅតំបន់ប្រាសាទព្រះវិហារ និងតំបន់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខ ដើម្បីជាការចូលរួមនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
ពិធីប្រគល់ និងទទួលអំណោយនេះបានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ នៅសាលារាជធានីភ្នំពេញ។
ក្នុងនាមអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកឧកញ៉ សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ ដែលបានឧបត្ថម្ភថវិកា ចំនួន២០,០០០,០០០រៀល អង្ករចំនួន ២តោន មីចំនួន ៣០០កេសតូច ត្រីខ ចំនួន២០០កេសតូច ជូនរដ្ឋបាលរាជធានីភ្នំពេញក្នុងដំណើរចុះសួរសុខទុក្ខកងកម្លាំង ដែលកំពុងឈរជើងប្រចាំការនៅតំបន់ប្រាសាទព្រះវិហារ និងតំបន់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។
ឯកឧត្ដម ឃួង ស្រេង បន្ថែមថា ទឹកចិត្តដ៏សប្បុរសរបស់លោកឧកញ៉ា ពិតជាបានរួមចំណែកលើកទឹកចិត្តដល់បងប្អូនកងកម្លាំងជួរមុខ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងពង្រឹងខឿនការពារជាតិឱ្យបានរឹងមាំ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទ៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា


