បេសកកម្មលប៊ីរបស់អង្គការសហប្រជាជាតិ (UN) កាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ទី២២ ខែសីហា) បាននិយាយថា ខ្លួនមានការព្រួយបារម្ភអំពីរបាយការណ៍នៃការប្រមូលផ្ដុំកងកម្លាំងប្រដាប់អាវុធ នៅទីក្រុងទ្រីប៉ូលី និងការគំរាមកំហែងប្រើកម្លាំង ដើម្បីដោះស្រាយវិបត្តិ ជុំវិញការគ្រប់គ្រងរបស់ធនាគារកណ្តាល។
អនុប្រធានបេសកកម្ម លោកស្រី Stephanie Koury បានប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ស្ថានភាពនយោបាយ និងយោធា នៅក្នុងប្រទេសលីប៊ី បានចាប់ផ្ដើមកាន់តែអាក្រក់ទៅៗយ៉ាងឆាប់រហ័ស ក្នុងរយៈពេល ២ខែមុននេះ ក្នុងនោះរួមទាំងការប្រមូលផ្ដុំកងកម្លាំងត្រៀមជាបន្តបន្ទាប់ដោយក្រុមជម្លោះប្រដាប់អាវុធ។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ បេសកកម្មបានឲ្យដឹងថា៖ «ការបង្ហាញអំណាចយោធា និងការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធ នៅក្នុងតំបន់ដែលមានប្រជាជនរស់នៅយ៉ាងណែនណាន់តាន់តាប់ គឺមិនអាចទទួលយកបានឡើយ ហើយគំរាមកំហែងដល់អាយុជីវិត និងសន្តិសុខរបស់ជនស៊ីវិល»។
គួរបញ្ជាក់ថា ភាពតានតឹងចុងក្រោយបង្អស់ នៅក្នុងប្រទេសនេះ បានលេចឡើងបន្ទាប់ពីមានកិច្ចប្រឹងប្រែងដោយក្រុមជម្លោះនយោបាយ ដើម្បីទម្លាក់តំណែងរបស់ប្រធានធនាគារកណ្តាលលីប៊ី (CBL) គឺលោក Sadiq al-Kabir ដោយក្រុមជម្លោះប្រដាប់អាវុធ បាននាំគ្នាប្រមូលផ្ដុំកងកម្លាំងត្រៀមទុក នៅភាគីម្ខាងៗ៕