ពាក់កណ្តាលនៃអ្នកដំណើរនៅលើរថយន្តក្រុងដឹកជនជាតិឥណ្ឌា ៤៣នាក់ បានស្លាប់នៅថ្ងៃសុក្រនេះ ពេលដែលរថយន្តរបស់ពួកគេ បានធ្លាក់ដាំក្បាលចូលក្នុងទន្លេទឹកឡើង នៅប្រទេសជិតខាងនេប៉ាល់ ។
លោក Shailendra Thapa គឺជាអ្នកនាំពាក្យនគរបាលនេប៉ាល់ និយាយថា មនុស្សសរុប ២១នាក់ បានស្លាប់ និងមនុស្ស ២២នាក់ផ្សេងទៀត បានរងរបួស ។ មនុស្សទាំង ៤៣នាក់ រួមទាំងអ្នកបើកបរផងដែរ គឺជាជនជាតិឥណ្ឌា ។
ក្រុមជួយសង្រ្គោះ បានទាញមនុស្ស ២២នាក់ ចេញពីទន្លេទឹកឡើង Marsyangdi ស្ថិតក្នុងស្រុក Tanahun ដែលមានចម្ងាយប្រហែល ១១៨គ.មពីទីក្រុង Kathmandu ក្នុងនោះអ្នកដំណើរ ១២នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយត្រូវបានដឹកតាមឧទ្ធម្ភាគចក្រទៅកាន់រដ្ឋធានីប្រទេសនេប៉ាល់ ។
យោងតាមការអះអាងរបស់ម្ចាស់សណ្ឋាគារជាទីដែលភ្ញៀវទេសចរទាំងអស់នេះស្នាក់នៅ បានឲ្យដឹងថា រថយន្តក្រុងដែលចុះបញ្ជីនៅប្រទេសឥណ្ឌានេះ បានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុ Kathmandu ប្រទេសនេប៉ាល់ ចេញពីទីក្រុងទេសចរណ៍ Pokhara ស្ថិតនៅភាគកណ្តាលប្រទេសនេប៉ាល់ ។
សូមបញ្ជាក់ថា ស្ថានភាពផ្លូវនៅតំបន់ភ្នំ អាចជាការប្រឈមដ៏លំបាកមួយសម្រាប់អ្នកបើកបរ ពេលដែលផ្លូវទាំងនោះ មានសភាពតូចចង្អៀត និងគ្រោះថ្នាក់ខ្លាំង បង្កការលំបាកកាន់តែខ្លាំងដល់រថយន្តធំៗនៅពេលពួកគេបើកដល់ផ្លូវកោងចោទ ៕