ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន គឺលោក Jake Sullivan នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីជួបជាមួយរដ្ឋមន្ត្រីការបរទេស លោក Wang Yi នាសប្តាហ៍ក្រោយ។ នេះបើតាមសារព័ត៌មាន Axios ដែលបានរាយការណ៍ នៅថ្ងៃសុក្រ (ទី២៣ ខែសីហា)នេះ ដោយដកស្រង់សម្តីមនុស្ស ៣នាក់ដែលដឹងពីបញ្ហានេះ។
សេចក្ដីការណ៍នោះ បានឲ្យដឹងថា លោក Sullivan និងលោក Yi ត្រូវបានគេរំពឹងថា នឹងបង្កើតនូវលក្ខខណ្ឌចាំបាច់នានា សម្រាប់ជំនួបដែលអាចកើតមានមួយ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងសមភាគីចិន លោក Xi Jinping នៅចុងឆ្នាំនេះ ដើម្បីបន្តវិធានពីកិច្ចប្រជុំកំពូល នៅរដ្ឋ California កាលពីខែវិច្ឆិកាឆ្នាំមុន។
របាយការណ៍បានបន្ថែមថា ដំណើរទស្សនកិច្ចរបស់លោក Sullivan នៅថ្ងៃទី ២៧-២៩ ខែសីហា កើតឡើងក្នុងខណៈដែលសហរដ្ឋអាមេរិក កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការធ្វើយុទ្ធនាការបោះឆ្នោតយ៉ាងសកម្ម ដែលទាំងបេក្ខជនតំណែងប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ គឺលោកស្រី Kamala Harris និងគូប្រជែងរបស់លោកស្រី គឺលោក Donald Trump របស់គណបក្សសាធារណរដ្ឋ បានរើសយកជំហរដ៏រឹងមាំទល់នឹងប្រទេសចិន ជាពិសេសលើពន្ធគយ៕