
នគរបាលបានបញ្ជាក់ថា មនុស្សច្រើននាក់បានស្លាប់ និងមួយចំនួនទៀតបានរងរបួសក្នុងការវាយប្រហារដោយចាក់នឹងកាំបិតនៅក្នុងពិធីមួយកាលពីយប់ថ្ងៃសុក្រ ទី២៣ ខែសីហា ក្នុងទីក្រុង ហ្សូលីងអ៊ីន(Solingen) ភាគខាងលិចប្រទេសអាល្លឺម៉ង់។
សារព័ត៌មាន ប៊ីលដ៏(Bild) បានរាយការណ៍ថា បុរសម្នាក់បានចាក់នឹងកាំបិតទៅលើអ្នកធ្វើដំណើរឆ្លងកាត់ដោយចៃដន្យក្នុងពិធីខួបទីក្រុង ហ្សូលីងអ៊ីន(Solingen) នៅម៉ោងប្រហែល ៩:៤៥នាទីយប់ ម៉ោងក្នុងស្រុកបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣នាក់ស្លាប់ និងច្រើននាក់រងរបួស។ សាក្សី បាននិយាយថា អ្នកវាយប្រហារ នៅមានសេរីភាពនៅឡើយ។

អភិបាលក្រុងបានបញ្ជាក់ថា មានមនុស្សស្លាប់ និងរបួស ដោយសារតែការវាយប្រហារមួយ ប៉ុន្តែពុំបានបញ្ជាក់លម្អិតនោះទេ។ នគរបាលនិយាយថា ការវាយប្រហារនេះ បានកើតឡើងនៅក្នុងពិធីខួបលើកទី៦៥០ របស់ទីក្រុង ហ្សូលីងអ៊ីន(Solingen)។
សេចក្តីថ្លែងការណ៍របស់អភិបាលក្រុង និយាយថា ការវាយប្រហារបានកើតឡើងនៅទីលាន Fronhof ជាទីលានផ្សារមួយកន្លែង មានការផ្សាយផ្ទាល់ការប្រគុំតន្ត្រី។
ទីក្រុង Solingen ស្ថិតនៅក្នុងរដ្ឋ ណស្ស រ៉ាញ វ៉េសផាលៀ(North Rhine-Westphalia) ជារដ្ឋមានប្រជាជនច្រើនបំផុតរបស់ប្រទេសអាល្លឺម៉ង់ និងមានព្រំប្រទល់ជាប់ប្រទេសហូឡង់។