សេតវិមាន បាននិយាយកាលពីថ្ងៃសុក្រ ទី២៣ សីហា ថា កិច្ចពិភាក្សានៅទីក្រុងគែរ ប្រទេសអេហ្ស៊ីបក្នុងគោលបំណងឈានដល់បទឈប់បាញ់នៅតំបន់ហ្កាហ្សាគឺ «ជាជំហានស្ថាបនា» ដោយមានភាពរីកចម្រើនមួយចំនួន ហើយភាគីទាំងអស់ចាំបាច់ត្រូវរួមគ្នាដើម្បីធ្វើការឆ្ពោះទៅរកការអនុវត្តន៍កិច្ចព្រមព្រៀង ដែលបានស្នើឡើង។
អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន លោក John Kirby បានប្រាប់អ្នកសារព័ត៌មានថា ការពិភាក្សា បានបន្តកាលពីថ្ងៃសុក្រ ជាមួយនាយក CIA លោក Bill Burns និងបេសកជនប្រចាំតំបន់មជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក លោក Brett McGurk តំណាងឱ្យសហរដ្ឋអាមេរិក។
លោក Kirby បាននិយាយថា ក្រុមសកម្មប្រយុទ្ធហាម៉ាស គួរតែចូលរួមក្នុងការចរចា ដែលកាលពីថ្ងៃព្រហស្បតិ៍ រួមមានអ្នកចរចាមកពីអ៊ីស្រាអែល សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ប៉ុន្តែពុំមានក្រុមហាម៉ាសទេ។
លោក Kirby និយាយថាសញ្ញាដំបូងនៅទីក្រុងគែរ គឺថាការពិភាក្សា «មានជំហានស្ថាបនា» ប៉ុន្តែការពិភាក្សាបន្ថែមទៀតត្រូវបានគ្រោងទុក។ លោកនិយាយថា «អ្វីៗកំពុងដំណើរការឆ្ពោះទៅមុខ» ដោយបានបដិសេធនូវរបាយការណ៍ព័ត៌មានមួយចំនួនដែលថាការចរចាជិតដួលរលំ។