ប្រជាជននៅក្នុងប្រទេសបង់ក្លាដែស បានប្រើក្បូនបណ្ដោះអាសន្នដើម្បីជម្លៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ កាលពីថ្ងៃសុក្រ បន្ទាប់ពីទឹកជំនន់រដូវមូសុង បានបណ្តាលជន់លិចធ្ងន់ធ្ងរនៅក្នុងតំបន់។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេស បាននិយាយថា មនុស្សរាប់លាននាក់ បានជាប់គាំងខ្លួននៅក្នុងទឹកជំនន់ ខណៈមន្ត្រីរដ្ឋ Tripura ភាគឦសានប្រទេសឥណ្ឌា និយាយថា មនុស្សរាប់ម៉ឺននាក់ត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ពួកគេ។ ចំនួនអ្នកស្លាប់ត្រូវបានគេរាយការណ៍ នៅផ្នែកទាំងសងខាងនៃព្រំដែន។
នៅរដ្ឋ Tripura ប្រធានរដ្ឋមន្ត្រីប្រចាំរដ្ឋ លោក Manik Saha បានស្ទង់មើលការខូចខាតពីលើអាកាសកាលពីថ្ងៃសុក្រ និងបានទៅសួរសុខទុក្ខប្រជាជននៅក្នុងជំរំសង្គ្រោះ។ ក្រុមមន្ត្រី និយាយថា អ្នកជម្លៀសខ្លួន បានប្រមូលផ្តុំគ្នានៅក្នុងជំរំចំនួន៤៥០កន្លែង ហើយមានការខូចខាតយ៉ាងច្រើនដល់ហេដ្ឋារចនាសម្ព័ន្ធ ដំណាំ និងសត្វចិញ្ចឹម។
កងទ័ពប្រទេសឥណ្ឌានិយាយថា បុគ្គលិករបស់ខ្លួនជាង៨០នាក់ បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ដោយបាននាំទៅដល់ទីសុវត្ថិភាពសម្រាប់មនុស្សរាប់រយនាក់ដែលជាប់គាំងខ្លួនដោយទឹកជំនន់កើនឡើង។
នៅក្នុងប្រទេសបង់ក្លាដែស ទន្លេ Gomti បានទម្លាយទំនប់ទឹកមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយបានធ្វើឲ្យជន់លិចភូមិចំនួន ១៥ និងធ្វើឱ្យមនុស្សរាប់រយគ្រួសារភៀសខ្លួនចេញ។
ក្រុមមន្ត្រីបាននិយាយថា ការរាំងស្ទះផ្លូវនៅក្នុងស្រុកជាច្រើនបានធ្វើឱ្យមនុស្សនៅដាច់ពីគេ និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ អាជ្ញាធរ និយាយថា មនុស្សជាង ៧៥.០០០នាក់ត្រូវបានបញ្ជូនទៅទីជម្រកជាង ១.៥០០កន្លែង នៅក្នុងស្រុកដែលរងគ្រោះដោយទឹកជំនន់ ដោយមានយោធា និងឆ្មាំព្រំដែនបានជួយក្នុងការសង្គ្រោះ។
វិទ្យាស្ថានធនាគារពិភពលោក បានប៉ាន់ប្រមាណនៅក្នុងឆ្នាំ២០១៥ ថា ប្រជាជន ៣,៥ លាននាក់នៅក្នុងប្រទេសបង់ក្លាដែស ជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយរងគ្រោះដោយអាកាសធាតុបំផុតនៅលើពិភពលោក បានប្រឈមទៅនឹងហានិភ័យនៃទឹកជំនន់ទន្លេប្រចាំឆ្នាំ។ អ្នកវិទ្យាសាស្ត្រសន្មតថា ករណីមហន្តរាយបែបនេះកាន់តែធ្ងន់ធ្ងរឡើងដោយសារតែបម្រែបម្រួលអាកាសធាតុ។