ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) បានប្តេជ្ញាសងសឹករុស្ស៊ីនៅក្នុងសុន្ទរកថា ដែលបានចេញផ្សាយនៅថ្ងៃសៅរ៍ (ទី២៤ ខែសីហា)នេះ ដែលជាទិវាឯករាជ្យលើកទី ៣៣ របស់អ៊ុយក្រែន។
លោក ហ្ស៊េឡិនស្គី បាននិយាយនៅក្នុងវីដេអូមួយដែលត្រូវបានគេថតនៅតំបន់ Sumy ជិតព្រំដែនរុស្ស៊ីថា៖«សត្រូវរបស់យើង ក៏នឹងដឹងដែរថា ការសងសឹករបស់អ៊ុយក្រែន គឺជាអ្វី មានតម្លៃប៉ុនណា មានតុល្យភាពគ្នាឬអត់ ហើយនិងមានរយៈយូរប៉ុនណា?»។
អ៊ុយក្រែន បានចាប់ផ្តើមការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ខ្លួនទៅលើតំបន់រុស្ស៊ី កាលពីថ្ងៃទី ៦ ខែសីហា ដែលជាការឈ្លានពានដ៏ធំបំផុតរបស់រុស្ស៊ី ចាប់តាំងពីសង្រ្គាមលោកលើកទី២ នៅក្នុងប្រតិបត្តិការដែលទីក្រុងគីវ និយាយថា មានគោលបំណង ដើម្បីបង្កើតតំបន់ទ្រនាប់មួយ និងបំផ្លាញគ្រឿងយុទ្ធោបករណ៍របស់រុស្ស៊ី។
មេបញ្ជាការជាន់ខ្ពស់របស់ទីក្រុងគីវ បានលើកឡើងពីការកាន់កាប់កន្លែងតាំងទីលំនៅជិត ១០០កន្លែង ដែលជាផ្នែកមួយនៃអ្វីដែលអ្នកវិភាគយោធាមើលឃើញថា ជាការប៉ុនប៉ងបង្វែរកងទ័ពរុស្ស៊ីចេញពីភាគខាងកើតអ៊ុយក្រែន ជាទីដែលកងកម្លាំងរបស់ទីក្រុងមូស្គូ បន្តរុលទៅមុខ។