ទីភ្នាក់ងារព័ត៌មាន WAFA របស់ប៉ាឡេស្ទីន បាននិយាយដោយដកស្រង់ទិន្នន័យពីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សថា ជិត ៩០ % នៃចំនួនប្រជាជននៅតំបន់ ហ្កាហ្សា ស្ទ្រីប ត្រូវបានផ្លាស់ទីលំនៅ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការរបស់អ៊ីស្រាអែល នៅក្នុងតំបន់នេះ ក្នុងខែតុលា ឆ្នាំ ២០២៣។
យោងតាមWAFA អ្នកស្រុកហ្កាហ្សាបច្ចុប្បន្ន កំពុងប្រមូលផ្តុំនៅលើទឹកដីមួយ ដែលស្មើនឹងមួយភាគដប់នៃតំបន់ទាំងមូលនៃដែនដីនេះ។ ទីភ្នាក់ងារនេះ បានដកស្រង់ទិន្នន័យរបស់ក្រសួងសុខាភិបាលតំបន់ហ្កា ហ្សាថា ជនជាតិប៉ាឡេស្ទីនជាង ១៣៣.000 នាក់ ត្រូវបានសម្លាប់ ឬរងរបួស ដោយសារតែការឈ្លានពានរបស់អ៊ីស្រាអែល ដោយអ្នកស្លាប់ភាគច្រើនជាកុមារ និងស្ត្រី។ ក្រៅពីនោះ មនុស្សជាង ១០.000 នាក់ ត្រូវបានរាយការណ៍ថា បានបាត់ខ្លួន ចំពេលមានគ្រោះទុរ្ភិក្ស និងការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ។
ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ាកាលពីថ្ងៃទី ៧ ខែតុលា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសដែលមានមូលដ្ឋាននៅតំបន់ហ្សាស្ទ្រីប បានបើកការលុកលុយដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅលើទឹកដីអ៊ីស្រាអែល ដោយបានសម្លាប់អ្នកស្រុកជនជាតិអ៊ីស្រាអែលជាច្រើននាក់ ដែលរស់នៅក្បែរព្រំដែនហ្កាហ្សា និងចាប់ពង្រត់ជនជាតិអ៊ីស្រាអែលជាង ២៤០នាក់ ក្នុងនោះមាន ស្ត្រី កុមារ និងមនុស្សចាស់។