កងទ័ពយេម៉ែន បានស្ទាក់ចាប់យានដ្រូនរបស់ក្រុមហ៊ួទីចំនួន៣គ្រឿង ដែលផ្ទុកគ្រឿងផ្ទុះ សំដៅលើរោងចក្រប្រេង Safer ក្នុងខេត្ត Marib កាលពីថ្ងៃសុក្រ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ។
ក្រសួងបានហៅការវាយប្រហារដែលបានកើតឡើងកាលពីព្រឹកថ្ងៃសុក្រនោះថា ជា «ការប៉ុនប៉ងភេរវកម្មដ៏កំសាក» ដើម្បីបំផ្លាញទីតាំងជនស៊ីវិលដ៏សំខាន់។ យានដ្រូនទាំងបីគ្រឿង ត្រូវបានស្ទាក់ចាប់ មុនពេលទៅដល់គោលដៅរបស់ពួកវា។
សេចក្តីថ្លែងការណ៍ បាននិយាយថា យានដ្រូនទាំងនោះ ត្រូវបានបាញ់ចេញពីទីតាំងមួយ នៅក្នុងតំបន់រដ្ឋបាលខេត្ត Al-Jawf ភាគខាងជើងប្រទេសយេម៉ែន។
ក្រុមហ៊ួទី មិនទាន់ធ្វើអត្ថាធិប្បាយជុំវិញហេតុការណ៍នេះ នៅឡើយទេ។
ប្រទេសយេម៉ែន បានជាប់គាំងនៅក្នុងជម្លោះដ៏បំផ្លិចបំផ្លាញមួយ ចាប់តាំងពីចុងឆ្នាំ ២០១៤ នៅពេលដែលក្រុមឧទ្ទាមហ៊ួទី ដណ្តើមបានការគ្រប់គ្រងរដ្ឋធានីសាណា និងតំបន់ជាច្រើននៃប្រទេសនេះ។
បទឈប់បាញ់ដែលសម្របសម្រួលដោយUN នៅខែមេសា ឆ្នាំ ២០២២ បាននាំឲ្យមានការថយចុះយ៉ាងខ្លាំងនៃអរិភាព ប៉ុន្តែប្រទេសនេះ នៅតែបន្តជួបប្រទះ នឹងបញ្ហាប្រឈមសេដ្ឋកិច្ចធ្ងន់ធ្ងរ និងការបែកបាក់ផ្នែកនយោបាយ។