កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមរដ្ឋអ៊ីស្លាម បានប្រកាសទទួលស្គាល់ការវាយប្រហារដោយកាំបិតនៅទីក្រុង Solingen ស្ថិតនៅភាគខាងលិចប្រទេសអាល្លឺម៉ង់ ដែលបានសម្លាប់មនុស្ស ៣នាក់ និងមនុស្ស ៨នាក់ផ្សេងទៀត រងរបួស កាលពីថ្ងៃសុក្រ ។

សារព័ត៌មាន Bild បានរាយការណ៍ថា បុរសម្នាក់បានវាយប្រហារដោយកាំបិតលើអ្នកធ្វើដំណើរឆ្លងកាត់ក្នុងពិធីខួបរយៈពេល ៦៥០ឆ្នាំនៃការបង្កើតទីក្រុងឧស្សាហកម្ម Solingen កាលពីវេលាម៉ោងប្រហែល ៩:៤៥នាទីយប់ ម៉ោងក្នុងស្រុកថ្ងៃសុក្រ បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ និងមនុស្ស ៨នាក់ផ្សេងទៀត រងរបួស ។

ក្រុមរដ្ឋអ៊ីស្លាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះលើបណ្តាញព័ត៌មានសង្គម Telegramថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងដោយមនុស្សម្នាក់នៅក្នុងចំណោមសមាជិករបស់ពួកគេ ដើម្បីសងសឹកសម្រាប់ជនមូស្លីមនៅបាឡេស្ទីន និងនៅគ្រប់ទីកន្លែងលើពិភពលោក ។

ពួកគេពុំបានផ្តល់ភស្តុតាងភ្លាមៗនោះទេសម្រាប់ការអះអាងរបស់ខ្លួន ហើយគេក៏នៅមិនទាន់ដឹងច្បាស់នោះដែរថាតើទំនាក់ទំនងជិតស្និតបែបណារវាងជនវាយប្រហារ និងក្រុមរដ្ឋអ៊ីស្លាម ។
ក្រុមនគរបាល និយាយថា ពួកគេកំពុងតាមប្រម៉ាញ់ចាប់ខ្លួនឃាតករ ។ ពួកគេនិយាយថា ពួកគេបានធ្វើការឃាត់ខ្លួនយុវជនវ័យ ១៥ឆ្នាំម្នាក់ ហើយកំពុងស៊ើបអង្កេតថាតើមនុស្សម្នាក់នេះ មានការជាប់ពាក់ព័ន្ធនឹងជនវាយប្រហារដែរឬទេ ៕