រូបភាពវីដេអូឃ្លីបពីក្រសួងការពារជាតិរុស្ស៊ី ឃើញទាហានរុស្ស៊ីដែលត្រូវបានដោះលែង បានធ្វើដំណើរទៅផ្ទះរបស់ពួកគេវិញ ក្រោយរុស្ស៊ី និងអ៊ុយក្រែន ដោះដូរឈ្លើយសឹកចំនួន ១១៥នាក់ ពីភាគីម្ខាងៗ កាលពីថ្ងៃសៅរ៍ ។

យោងតាមការអះអាងរបស់ក្រសួងការពារជាតិរស្ស៊ី បានឲ្យដឹងថា ទាហានរុស្ស៊ីដែលបានដោះដូរនេះ ត្រូវបានចាប់ខ្លួននៅតំបន់ Kursk កាលពីដើមខែនេះ ពេលដែលទាហានអ៊ុយក្រែនរាប់ពាន់នាក់ វាយប្រហារឆ្លងកាត់ព្រំដែន អំឡុងការវាយប្រហារធំបំផុតរបស់ទាហានបរទេសលើទឹកដីរុស្ស៊ី ចាប់តាំងពីសង្រ្គាមលោកលើកទី ២ ។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានមាននូវជំនួបជាមួយក្រុមមន្រ្តីជាន់ខ្ពស់ ពាក់ព័ន្ធនឹងស្ថានភាពនៅតំបន់ព្រំដែនរុស្ស៊ីជាមួយអ៊ុយក្រែន ក្រោយទាហានទីក្រុងគីវ បើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលឆ្លងដែនចូលតំបន់ Kursk កាលពីថ្ងៃទី ៦ ខែសីហាកន្លងទៅ ។

លោក Putinនិយាយពេលបើកកិច្ចប្រជុំថា ខ្ញុំជួបអ្នករាល់គ្នានៅថ្ងៃនេះ ដើម្បីពិភាក្សាស្ថានភាពដែលកំពុងកើតឡើងនាពេលឥឡូវនៅតំបន់ព្រំដែនរុស្ស៊ី ។
ដោយឡែក ឧបនាយករដ្ឋមន្រ្តីទី ១រុស្ស៊ី លោក Denis Manturov និយាយថា រុស្ស៊ី កំពុងវាយតម្លៃការខូចខាតដល់កសិកម្ម និងឧស្សាហកម្មនៅតំបន់ព្រំដែន ។
ការដោះដូរអ្នកទោសខាងលើ បានកើតមានឡើង ក្រោយពេលមន្ត្រីរុស្ស៊ី អះអាងថា អង្គភាពសេវាសន្តិសុខរបស់ខ្លួន បានបាញ់សម្លាប់អ្នកទោសអ៊ុយក្រែន ៤នាក់ដែលបានចាប់ធ្វើជាឈ្លើយសឹកនៅពន្ធនាគារទោសឧក្រិដ្ឋកម្រិតធ្ងន់ក្នុងតំបន់ Volgograd ៕