កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រុមបាតុករ បានជួបជុំគ្នានៅទីក្រុងតែល អាវីវ ប្រទេសអ៊ីស្រាអែល ដើម្បីតវ៉ាប្រឆាំងរដ្ឋាភិបាលដែលពួកគេនិយាយថា គួរតែលាលែងពីអំណាច ។

ដោយគ្រវីទង់ជាតិអ៊ីស្រាអែល និងបដាសរសេរថា “រដ្ឋមន្ត្រីឧក្រិដ្ឋកម្ម” ក្រុមបាតុករ បានជួបជុំគ្នានៅមុខវេទិកា ដើម្បីបង្ហាញក្តីកង្វល់ និងការទាមទាររបស់ពួកគេ ។
លោក Ilan Cohen គឺជាបាតុករមួយរូប បានបញ្ជាក់ពីការមិនពេញចិត្តរបស់គាត់ចំពោះរដ្ឋាភិបាលបច្ចុប្បន្ន និងបានលើកឡើងពីក្តីកង្វល់សេដ្ឋកិច្ច ហើយនិងការដោះស្រាយស្ថានភាពចំណាប់ថ្នូរនៅតំបន់ហ្កាហ្សាស្រ្ទីប ។

រយៈពេលច្រើនខែនៃកិច្ចចរចាជាប់គាំង នៅតែមិនអាចទម្លុះភាពទាល់ច្រកបានដដែល ដើម្បីបញ្ចប់យុទ្ធនាការសឹកសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ឬដោះលែងចំណាប់ថ្នូរដែលត្រូវបានចាប់យកទៅដោយក្រុមជីវពលហាម៉ាស់ អំឡុងការវាយប្រហាររបស់ពួកគេកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ជាហេតុបង្កឲ្យមានសង្រ្គាមមួយនេះ ៕