យោងតាមការអះអាងរបស់អភិបាលខេត្ត បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា មនុស្ស ១៣នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់ បន្ទាប់ពីកើតហេតុការណ៍បំណាក់ដីនៅខេត្ត Phuket ស្ថិតនៅភាគខាងត្បូងប្រទេសថៃ ។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្ស ១៩នាក់ ផ្សេងទៀត បានរងរបួស ហើយផ្ទះសម្បែងប្រជាពលរដ្ឋ ២០៩ខ្នង បានរងផលប៉ះពាល់ ។

បំណាក់ដីដែលបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំងចាប់ពីយប់ថ្ងៃព្រហស្បតិ៍រហូតដល់ថ្ងៃសុក្រ បានកើតឡើងនៅក្រោយពុទ្ធរូប Big Buddha ដែលជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយរបស់ប្រទេស ។

យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរ បានឲ្យដឹងថា ប្រតិបត្តិការសង្រ្គោះ និងរុករក បានបញ្ចប់ ហើយការបោសសម្អាតនឹងធ្វើឡើងតាមក្រោយ ក្នុងនោះកិច្ចខិតខំស្តាឡើងវិញ ត្រូវបានគេរំពឹងថា នឹងចំណាយពេល ២-៣ថ្ងៃទៀត ។
ដោយឡែក ក្រុមអាជ្ញាធរថៃ បានចែកចាយជំនួយផងដែរ ដល់តំបន់រងគ្រោះដោយសារទឹកជំនន់នៅខេត្ត Phrae ដោយពួកគេចែកចាយជំនួយដល់អ្នកស្រុកនៅតំបន់រងការជន់លិចខ្លាំងនៅក្នុងខេត្តមួយនេះ ។
រូបភាពវីដេអូឃ្លីបឃើញឧទ្ធម្ភាគចក្រមួយគ្រឿងហោះសំកាំងពីលើតំបន់ជន់លិច ស្របពេលដែលក្រុមមន្រ្តីក្នុងស្រុក ជួយទម្លាក់ជំនួយពីលើឧទ្ធម្ភាគចក្រ ។ ទឹកជំនន់ បានកើតមាននៅខេត្ត Phrae ក្រោយទន្លេ Yom ហូរប្រៀបច្រាំង ៕