ក្រុមឧទ្ទាម ហេសបូឡា (Hezbollah) នៅប្រទេសលីបង់ បានបាញ់រ៉ូកែត និងយានដ្រូនរាប់រយ ប្រឆាំងនឹងអ៊ីស្រាអែល នៅថ្ងៃអាទិត្យ (២៥ សីហា) នេះ ជាការសងសឹកចំពោះការធ្វើឃាតមេបញ្ជាការជាន់ខ្ពស់របស់ខ្លួននៅទីក្រុងបេរូត កាលពីខែមុន ខណៈគណៈរដ្ឋមន្ត្រីរបស់អ៊ីស្រាអែល បានជួបប្រជុំដើម្បីរៀបចំការឆ្លើយតប។

យោធាអ៊ីស្រាអែលនិយាយថា យន្តហោះចម្បាំងរបស់ខ្លួនបានវាយប្រហារគោលដៅនានារបស់ក្រុមហេសបូឡា ក្នុងលីបង់ មុនពេលការបាញ់រ៉ូកែតនោះ ខណៈខ្លួនបានវាយតម្លៃថា ក្រុមនេះកំពុងរៀបចំដើម្បីចាប់ផ្តើមការបាញ់ប្រហារទ្រង់ទ្រាយធំ។

ក្រុមហេសបូឡានិយាយថា ខ្លួនបានបាញ់រ៉ូកែតប្រភេទ កាទីអ៊ូសា (Katyusha) ជាង ៣២០គ្រាប់ឆ្ពោះទៅកាន់អ៊ីស្រាអែល និងបានវាយប្រហារគោលដៅយោធាចំនួន១១ទីតាំង ដោយបន្ថែមថា ការវាយប្រហារនេះបានបញ្ចប់ «ដំណាក់កាលដំបូង» នៃការឆ្លើយតបរបស់ខ្លួនចំពោះការធ្វើឃាតលោក ហ្វ៊ូអាត ស៊ុកគឺ (Fuad Shukr) ដែលជាមេបញ្ជាការជាន់ខ្ពស់នៅក្នុងទីក្រុងបេរូត ប៉ុន្តែការឆ្លើយតបពេញលេញនឹងចំណាយពេល «យូរបន្តិច»។

ការរំពឹងទុកនៃកំណើនភាពតានតឹងរវាងភាគីទាំងពីរបានកើនឡើងចាប់តាំងពីការវាយប្រហារនៅតំបន់ខ្ពង់រាប ហ្កូឡាន់ (Golan Heights) ដែលអ៊ីស្រាអែលកាន់កាប់កាលពីខែមុន ដោយសម្លាប់ក្មេងចំនួន ១២នាក់ ហើយយោធាអ៊ីស្រាអែល បានធ្វើឃាតលោក Shukr ក្នុងទីក្រុងបេរូត ជាការឆ្លើយតប។
បណ្ដារដ្ឋមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលនិយាយថា អ៊ីស្រាអែលនឹងឆ្លើយតបទៅនឹងស្ថានការណ៍នេះ ប៉ុន្តែមិនចង់មានសង្រ្គាមទ្រង់ទ្រាយធំទេ ហើយនឹងធ្វើអ្វីដែលចាំបាច់ដើម្បីការពារខ្លួន។ យោងតាមសេវាសង្គ្រោះបន្ទាន់បានឱ្យដឹងថា មិនមានអ្នកស្លាប់ និងរបួសត្រូវបានរាយការណ៍ភ្លាមៗទេនៅអ៊ីស្រាអែល៕