ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ប្រធានគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកមួយរូប ប្រចាំការនៅគោលដៅស្តុប បុរី អង្គរ ត្រូវបានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកកោះហៅមកសួរនាំបំភ្លឺ ដើម្បីរង់ចាំការស្រាវជ្រាវបន្ថែមទៀត និងសូមឲ្យអ្នកបើកបរម៉ូតូកង់បី (ផាស់អាប់) ចូលមកសហការបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយ ។
ការកោះហៅប្រធានគោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកមួយរូប ប្រចាំការនៅគោលដៅស្តុប បុរី អង្គរ ក្រោយពីមានការផ្សព្វផ្សាយឃ្លីបវីដេអូតាមបណ្តាញសង្គមពីការចោទប្រកាន់របស់បុរសម្នាក់ជាអ្នកបើកបរម៉ូតូកង់បី (ផាស់អាប់) កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ថា បានចាប់ឃាត់ម៉ូតូកង់បីគាត់បម្រុងផាកពិន័យដោយមិនបានល្មើសច្បាប់ចរាចរណ៍ផ្លូវគោក នៅពេលនោះគាត់បានតវ៉ាបង្ហាញកាមេរ៉ា ទើបមន្រ្តីនគរបាលចរាចរណ៍មិនផាកពិន័យ និងបានអនុញ្ញាតឲ្យគាត់បន្តដំណើរ។
ក្រុមការងារព័ត៌មានប្រតិកម្មរហ័ស សូមណែនាំដល់ប្រជាពលរដ្ឋធ្វើដំណើរក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមុននឹងផុសព័ត៌មានតាមបណ្តាញសង្គម ក្នុងករណីមន្រ្តីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅណាមួយដែលចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកមានកំហុសឆ្គងចំពោះប្រជាពលរដ្ឋដោយប្រការណាមួយ ហើយប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្ត សូមមកដាក់ពាក្យបណ្តឹង នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនិងដោះស្រាយជូនប្រជាពលរដ្ឋ ៕ អត្ថបទ៖ តារាវុទ្ធី

