ចំហេះព្រៃដ៏សន្ធោរសន្ធៅបានឆាបឆេះពេញវាលអំពៅនៅភាគខាងជើងរដ្ឋ សៅប៉ូឡូ (Sao Paulo) ប្រទេសប្រេស៊ីល កាលពីថ្ងៃសៅរ៍ (២៤ សីហា) ដោយបានបញ្ចេញសំណុំផ្សែងដ៏ក្រាស់គ្របដណ្ដប់លើទីប្រជុំជននានាក្បែរនោះ ហើយក្រុមមន្ត្រីហាមប្រាមសកម្មភាពក្រៅផ្ទះជាពិសេសកីឡា ខណៈចំហេះរាលដាលកាន់តែខ្លាំង។

ការប្រកួតបាល់ទាត់មួយត្រូវបានលុបចោលដោយសារតែបម្រាមក្នុងទីក្រុង រីប៊ែររ៉ាវ ប្រេតូ (Ribeirão Preto) ដែលជាទីក្រុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុតនៃចំហេះនៅភាគខាងលិចនៃរដ្ឋសៅប៉ូឡូ។ ផ្លូវហាយវេរបស់រដ្ឋមួយចំនួនត្រូវបានបិទ ព្រោះតែកម្រិតនៃការមើលឃើញមិនល្អ ខណៈទូរទស្សន៍ក្នុងស្រុកបានបង្ហាញរូបភាពនៃសាកសពគោក្របីដែលបានងាប់នៅក្នុងវាលស្រែដោយសារកម្ដៅនៃអណ្ដាតភ្លើង និងស្រូបផ្សែងខ្លាំងពេក។

រដ្ឋាភិបាលសៅប៉ូឡូ បាននិយាយថា ទីក្រុងចំនួន៣៦ ស្ថិតក្នុង «ការប្រុងប្រយ័ត្នខ្ពស់» ដោយសារតែចំហេះបានរីករាលដាលខ្លាំងក្នុងរដូវប្រាំង ស្របពេលវាលស្រែស្ងួតហួតហែង និងសីតុណ្ហភាពខ្ពស់។ កាលពីថ្ងៃសុក្រ នៅទីក្រុង អ៊ូរូប៉េស (Urupes) ជិតក្រុង រីប៊ែររ៉ាវ ប្រេតូ អ្នកពន្លត់អគ្គិភ័យពីរនាក់បានស្លាប់ខណៈព្យាយាមពន្លត់អណ្តាតភ្លើងក្នុងរោងម៉ាស៊ីនផលិតស្ករអំពៅមួយនៅក្នុងតំបន់ដែលចម្ការអំពៅ ២០០ហិកតាត្រូវបានដុតបំផ្លាញ។

រដូវចំហេះព្រៃរបស់ប្រេស៊ីល ជាធម្មតាឡើងដល់កម្រិតធ្ងន់ធ្ងរបំផុតនៅខែសីហា និងកញ្ញា។ ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ចំហេះនៅឆ្នាំនេះបានចាប់ផ្តើមលឿនខុសពីធម្មតានៅតំបន់ ប៉ានតាណាល់ (Pantanal) ដែលជាតំបន់ដីសើមដ៏ធំបំផុតរបស់ពិភពលោកកាលពីចុងខែឧសភា ខណៈចំនួនចំហេះក្នុងព្រៃអាម៉ាហ្សូន បានកើនឡើងដល់កម្រិតខ្ពស់ខ្លាំងក្នុងរយៈពេលពីរទសវត្សរ៍សម្រាប់ខែកក្កដា៕