នគរបាលបាននិយាយថា មនុស្ស ៤នាក់ រួមទាំងមន្ត្រីនគរបាលម្នាក់ បានរងរបួសនៅក្នុងការវាយប្រហារដោយកាំបិតនៅក្នុងទីក្រុងស៊ីដនី (Sydney) នៅព្រឹកថ្ងៃអាទិត្យ (២៥ សីហា) នេះ ដែលជាឧបទ្ទវហេតុចុងក្រោយបង្អស់នៃការវាយប្រហារដោយកាំបិតនៅក្នុងទីក្រុងដ៏ធំបំផុតរបស់ប្រទេសអូស្ត្រាលីក្នុងឆ្នាំនេះ។

នគរបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសសង្ស័យម្នាក់ដែលបានរត់ចេញពីកន្លែងកើតហេតុត្រូវបានចាប់ខ្លួន។ លោកស្រី យ៉ាស្មីន ខែតលី (Yasmin Catley) ប្រមុខមន្ត្រីនគរបាលប្រចាំរដ្ឋ ញូវសៅវែលស៍ (New South Wales) បាននិយាយថា មិនមានការគំរាមកំហែងទៅលើអ្នកក្រុងស៊ីដនីទៀតទេ។

នគរបាលនិយាយថា ពុំមាននរណាម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះឡើយ ដែលបានកើតឡើងបន្ទាប់ពីឧប្បត្តិហេតុ «ទាក់ទងនឹងជម្លោះ» បន្ទាប់ពីរថយន្តមួយគ្រឿងបានបុកជាមួយរថយន្តមួយផ្សេងទៀតនៅជាយក្រុងភាគខាងត្បូង អែនហ្កាឌីន (Engadine)។ ស្នងការនគរបាល លោក ដូណាល់ ហ្វលស៍ (Donald Faulds) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា អ្នកវាយប្រហាររូបនោះ «បានប្រើប្រាស់នូវអ្វីដែលយើងជឿថាជាកាំបិតកាត់ឡាំងក្រដាស»។

ទីក្រុងស៊ីដនី ដែលមានប្រជាជនចំនួន ៥លាននាក់ បានឃើញការវាយប្រហារដោយកាំបិតជាច្រើននៅឆ្នាំនេះ ដែលជំរុញឱ្យរដ្ឋាភិបាលរដ្ឋ New South Wales រឹតបន្តឹងច្បាប់ប្រើប្រាស់កាំបិតរបស់ខ្លួន។ សភារបស់រដ្ឋបានអនុម័តច្បាប់កាលពីខែមិថុនា ដោយផ្តល់ឱ្យនគរបាលនូវម៉ាស៊ីនអេឡិចត្រូនិចស្កែនរកលោហៈដែលអាចប្រើជាអាវុធវាយប្រហារ ដើម្បីត្រួតពិនិត្យមនុស្សដោយមិនចាំបាច់មានដីកានៅតាមមជ្ឈមណ្ឌលផ្សារទំនើប កន្លែងកីឡា និងស្ថានីយ៍ដឹកជញ្ជូនសាធារណៈជាដើម៕