បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United បានបើកទំព័រក្របខណ្ឌ UEFA Champions League រដូវកាលនេះជាមួយនឹងបរាជ័យនៅទឹកដីស្វ៊ីស Young Boys ២-១។ ថ្វីបើ Cristiano Ronaldo បើករកបានគ្រាប់នាំមុខតាំងពីនាទីទី១៣ តែក្រុមរបស់លោក Ole Gunnar Solskjaer ក៏បាត់បង់ Aaron Wan Bissaka មុនចប់វគ្គទី១។

Young Boys ក៏តាមស្មើវិញនៅនាទីទី៦៦ ដោយ Nicolas Ngamaleu និងគ្រាប់ជ័យជំនះនៅនាទីទី៩០+៥ ដោយ Jordan Siebatcheu។ ងាកមកជំនួបរវាងក្រុមយក្សទាំងពីរ Bayern Munich បានលើកទ័ពទៅយក ៣ពិន្ទុពីទឹកដី Barcelona ដោយលទ្ធផល ៣-០។ ជាថ្មីទៀត Robert Lewandowski នៅតែបន្តស៊ុតបញ្ចូលទីបានដោយរកបាន ២គ្រាប់ក្នុងការប្រកួតបន្ទាប់ពី Thomas Muller ជាអ្នករកបានគ្រាប់នាំមុខដំបូង។ ងាកមកតោខៀវ Chelsea បានចាប់ផ្តើមដំណើរការពារជើងឯករបស់ខ្លួនជាមួយនឹងជ័យជំនះ ១-០ នៅ Stamford Bridge លើក្រុមភ្ញៀវរុស្ស៊ី Zenit Petersburg។

មួយគ្រាប់នេះសំរេចដោយខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Romelu Lukaku នៅនាទីទី៦៩។ ចំណែកសេះបង្កង់ Juventus ទីបំផុតរកបានជ័យជំនះដំបូងរបស់ខ្លួនក្នុងរដូវកាលនេះ ដោយយកឈ្នះនៅទឹកដី Malmo FF ៣-០។ បីគ្រាប់ដោយកីឡាករ ៣នាក់រួមមាន Sandro, Paulo Dybala និង Alvaro Morata។ លទ្ធផលផ្សេងទៀតកាលពីយប់មិញផងដែររួមមាន Sevilla ធ្វើអ្វី Salzburg មិនបាន បានត្រឹមស្មើក្នុងទឹកដីខ្លួនឯង ១-១ ខណៈ Villarreal ក៏ស្មើគ្នានឹង Atalanta ២-២ ឯ Dynamo Kiyv ក៏ស្មើគ្នានឹង Benfica ១-១ និង Lille ក៏ស្មើគ្នានឹង Wolfsburg ០-០ ផងដែរ៕
អត្ថបទ៖នាង សុភាវុធ