ការដាច់ចរន្តអគ្គិសនីញឹកញាប់នៅមន្ទីរពេទ្យនៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប បានគំរាមកំហែងដល់អាយុជីវិតអ្នកជំងឺធ្ងន់ធ្ងរជាច្រើននាក់ រួមទាំងកុមារ និងអ្នករងរបួសផ្សេងទៀត ដែលរងទុក្ខវេទនាក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលរួចទៅហើយ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល កាលពីខែតុលា ឆ្នាំមុន។

មន្ទីរពេទ្យ កាម៉ាល់ អាដវ៉ាន (Kamal Adwan) ក្នុងទីក្រុងហ្កាហ្សា ជាមណ្ឌលវេជ្ជសាស្រ្តមានកន្លែងថែទាំកុមារ (PICU) និងកន្លែងថែទាំទារកទើបនឹងកើត (NICU) ដែលនៅតែដំណើការតែមួយគត់នៅភាគខាងជើងតំបន់ហ្កាហ្សា។ ប៉ុន្តែដោយសារកង្វះការផ្គត់ផ្គង់ថាមពល គ្រឿងបរិក្ខាវេជ្ជសាស្ត្ររបស់មន្ទីរពេទ្យប្រឈមនឹងការដាច់ភ្លើងជាញឹកញាប់ ដែលធ្វើឱ្យអាយុជីវិតកុមារមានជំងឺធ្ងន់ធ្ងរជាច្រើននាក់ ធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់កាន់តែខ្លាំងថែមទៀត។

ប្រតិបត្តិការផ្នែកកុមារទាំងនោះទាមទារការផ្គត់ផ្គង់ថាមពលគ្រប់ពេលវេលា ប៉ុន្តែបច្ចុប្បន្នមន្ទីរពេទ្យពឹងផ្អែកលើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យដ៏ទ្រុឌទ្រោម និងគ្មានប្រសិទ្ធភាពដើម្បីបង្កើតអគ្គិសនី។ សម្ភារៈបរិក្ខារពេទ្យមួយចំនួនធំមិនអាចដំណើរការបានត្រឹមត្រូវទេ ដែលបណ្តាលឱ្យកុមារឈឺធ្ងន់ជាច្រើននាក់ស្លាប់។

អ៊ីស្រាអែល បាននិងកំពុងធ្វើប្រតិបត្តិការសឹកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ក្រោយការវាយប្រហារលើព្រំដែនភាគខាងត្បូងរបស់ខ្លួនកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ ដែលបានបណ្តាលឱ្យមនុស្សប្រហែល ១.២០០នាក់បានស្លាប់ និងមនុស្សប្រហែល ២៥០នាក់ត្រូវបានចាប់ខ្លួន។ ជម្លោះដ៏អូសបន្លាយនេះបានឆក់យកជីវិតប្រជាជនប៉ាឡេស្ទីនជាង ៤០.០០០នាក់ នៅក្នុងតំបន់ហ្កាហ្សារហូតមកដល់ពេលនេះ៕