បទឈប់បាញ់នៅតំបន់ហ្កាហ្សា និងក្រុមអ្នកចរចាចំណាប់ថ្នូរបានបន្តពិភាក្សាលើសំណើសម្របសម្រួលថ្មីនៅទីក្រុងគែរ របស់អេហ្ស៊ីប កាលពីថ្ងៃសៅរ៍ (២៤ សីហា) ដោយស្វះស្វែងរកការបិទគម្លាតរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ប៉ុន្តែពុំមានសញ្ញាពីការរីកចម្រើនអ្វីឡើយបន្ទាប់ពីកិច្ចចរចាជាច្រើនម៉ោង។

មន្ត្រីប៉ាឡេស្ទីនម្នាក់ដែលជិតស្និទ្ធនឹងកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលនេះបានប្រាប់សារព័ត៌មានរ៉យទ័រថា «កិច្ចពិភាក្សានៅទីក្រុងគែរ មិនមានភាពជឿនលឿនទេ ព្រោះអ៊ីស្រាអែលកំពុងទទូចចង់រក្សាទីតាំងចំនួន៨ នៅតាមបណ្តោយច្រករបៀង ហ្វីឡាឌែលហ្វៀ (Philadelphia) ដែលជាបញ្ហាកំពុងរារាំងកិច្ចចរចា»។

កិច្ចពិភាក្សានៅទីក្រុងគែរ បានកើតឡើងនៅពេលដែលស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សា កាន់តែយ៉ាប់យ៉ឺន ដោយកង្វះអាហារូបត្ថម្ភកើនឡើង និងជំងឺស្វិតដៃជើងត្រូវបានរកឃើញនៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះ។ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីននិយាយថា ការវាយប្រហារដោយយោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សាបានសម្លាប់មនុស្សប្រហែល ៥០នាក់កាលពីថ្ងៃសៅរ៍ ដោយមានជនរងគ្រោះជាច្រើនជាប់នៅក្រោមគំនរបាក់បែក ឬដេកនៅលើផ្លូវដែលការប្រយុទ្ធកំពុងបន្ត។

កិច្ចចរចាបទឈប់បាញ់ជាច្រើនខែបានបរាជ័យក្នុងការបង្កើតរបកគំហើញមួយដើម្បីបញ្ចប់យុទ្ធនាការយោធាដ៏បំផ្លិចបំផ្លាញរបស់អ៊ីស្រាអែលនៅហ្កាហ្សា ឬដោះលែងចំណាប់ថ្នូរដែលនៅសេសសល់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស នៅក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ដែលបង្កឱ្យមានសង្រ្គាមដ៏បង្ហូរឈាមមកទល់សព្វថ្ងៃនេះ៕