អាជ្ញាធរបាននិយាយថា គ្រោះថ្នាក់រថយន្តក្រុងចំនួនពីរករណីនៅភាគឦសាន និងភាគនិរតីនៃប្រទេសប៉ាគីស្ថាន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៤នាក់ នៅថ្ងៃអាទិត្យ (២៥ សីហា) នេះ។

ក្រសួងមហាផ្ទៃបាននិយាយថា អ្នកធ្វើធម្មយាត្រា ១២នាក់ បានស្លាប់នៅលើផ្លូវហាយវេឆ្នេរសមុទ្រ ម៉ាក្រាន (Makran) នៅភាគនិរតី ខណៈក្រុមមន្ត្រីសង្គ្រោះបាននិយាយថា មនុស្ស ២២នាក់ទៀត បានស្លាប់នៅពេលដែលរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់ចូលទៅក្នុងជ្រោះជ្រៅក្នុងតំបន់កាស្មៀរ (Kashmir) ដែលគ្រប់គ្រងដោយប៉ាគីស្ថាន។

អ្នកសម្របសម្រួលផ្នែកជួយសង្គ្រោះ បាននិយាយថា រថយន្តក្រុងទីពីរមានអ្នកដំណើរ ២៥នាក់ក្នុងនោះមានស្ត្រី ៦នាក់ និងកុមារម្នាក់ ដែលក្នុងនោះមនុស្ស ២២នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ដោយបន្ថែមថា សាកសពទាំងអស់ត្រូវបានរកឃើញពីក្នុងជ្រោះ។
គ្រោះថ្នាក់រថយន្តក្រុងកើតមានជាញឹកញាប់នៅប៉ាគីស្ថាន ដោយសារតែស្ថានភាពផ្លូវមិនល្អ ឬការបើកបរដោយមិនប្រុងប្រយ័ត្នជាដើម។ ឧបទ្ទវហេតុនៅថ្ងៃអាទិត្យនេះ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអ្នកធម្មយាត្រាប៉ាគីស្ថាន ២៨នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់រថយន្តក្រុងស្រដៀងគ្នានេះនៅប្រទេសជិតខាងអ៊ីរ៉ង់ ខណៈពេលកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ាក់៕