ជម្លោះប្រដាប់អាវុធដែលកំពុងបន្ត ទឹកជំនន់ឥតឈប់ឈរ និងការកើនឡើងនៃជំងឺដ៏កាចសាហាវដែលបង្កឡើងដោយទឹកជំនន់ កំពុងបង្កភាពធ្ងន់ធ្ងរដល់វិបត្តិមនុស្សធម៌នៅក្នុងប្រទេសស៊ូដង់ ដែលបានផ្ទុះឡើងបន្ទាប់ពីការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងគូប្រជែងកងកម្លាំងគាំទ្ររហ័ស (RSF) កាលពីខែមេសា ឆ្នាំ២០២៣។

ចាប់តាំងពីខែមិថុនាមក ស៊ូដង់បានរងការបំផ្លិចបំផ្លាញដោយទឹកជំនន់ ដែលបង្កការខូចខាត និងភាពអស់សង្ឃឹមនៅទូទាំងប្រទេស។ ទឹកជំនន់បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១១៤នាក់ និងរបួស ២៨១នាក់ ដោយមានមនុស្សជាង ១១០.០០០នាក់បានរងផលប៉ះពាល់ដោយផ្ទាល់។

កាន់តែអាក្រក់ជាងនេះទៅទៀត ស្ថានភាពនេះក៏បានបង្កឱ្យមានការកើនឡើងនៃជំងឺដ៏កាចសាហាវដូចជាជំងឺអាសន្នរោគ គ្រុនចាញ់ និងគ្រុនឈាមជាដើម។ ភ្លៀងធ្លាក់ខ្លាំងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងស្ពាន និងផ្លូវថ្នល់ផងដែរ។ នៅរដ្ឋភាគខាងជើង អ្នកស្រុកជួបការលំបាកខ្លាំងក្នុងការទប់ទល់នឹងផលប៉ះពាល់។

ទឹកជំនន់ក៏បានរារាំងសេវាមូលដ្ឋានសំខាន់ៗនៅក្នុងតំបន់ជាច្រើន ដែលបានរងគ្រោះរួចទៅហើយដោយជម្លោះប្រដាប់អាវុធជាងមួយឆ្នាំ។ ប្រព័ន្ធផ្គត់ផ្គង់ទឹក លូ និងប្រព័ន្ធគ្រប់គ្រងកាកសំណល់បានដួលរលំ បង្កើតជាកន្លែងកកើតនៃជំងឺជាច្រើន។ បន្ថែមលើភាពវឹកវរនេះ មនុស្សជាង ១០លាននាក់ត្រូវបានភៀសខ្លួនដោយសារជម្លោះដែលកំពុងបន្ត ដោយត្រូវបង្ខំរស់នៅក្នុងជំរំបណ្តោះអាសន្ន ឬនៅតាមដងផ្លូវ៕