អាជ្ញាធរបាននិយាយថា មនុស្ស ១៣នាក់បានស្លាប់ និង ២នាក់រងរបួសនៅក្នុងខេត្ត ម៉ាលូគូ ខាងជើង (North Maluku) របស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអាទិត្យ (២៥ សីហា) នេះបន្ទាប់ពីទឹកជំនន់នៅភាគខាងកើតនៃប្រជុំកោះដ៏ធំទូលាយ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេស (BNPB) បាននិយាយថា ទឹកជំនន់ដែលបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃសៅរ៍មក ក៏បានបំផ្លាញលំនៅឋានចំនួន ១០ខ្នងយ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុង តឺណាតេ (Ternate)។

ដោយលើកឡើងពីការព្យាករថាភ្លៀងធ្លាក់ខ្លាំងអាចនឹងបន្តនៅប៉ុន្មានថ្ងៃខាងមុខ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ BNPB បានព្រមានអ្នកស្រុកឱ្យប្រុងប្រយ័ត្នបន្ថែមទៀត។ អ្នកនាំពាក្យ BNPB លោក អាបឌុល មូហារី (Abdul Muhari) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងជំរុញឱ្យប្រជាជនរក្សាការប្រុងប្រយ័ត្នជានិច្ច និងធ្វើតាមការណែនាំពីអាជ្ញាធរលើគ្រោះទឹកជំនន់ដែលអាចកើតមានជាបន្តបន្ទាប់»។

BNPB បាននិយាយថា ខ្លួនបានដាក់ពង្រាយក្រុមដើម្បីជួយជម្លៀសជនរងគ្រោះ។ ភ្នាក់ងារស្វែងរក និងជួយសង្គ្រោះរបស់ឥណ្ឌូនេស៊ី (Basarnas) ក៏បាននិយាយផងដែរថា កិច្ចខិតខំប្រឹងប្រែងដើម្បីជម្លៀសជនរងគ្រោះដែលប៉ះពាល់ដោយការបំណាក់ដី និងកម្ទេចកម្ទីដែលហូរកាត់ដោយទឹកជំនន់កំពុងបន្ត។ កាលពីខែឧសភា ទឹកជំនន់ដ៏គំហុក និងបំណាក់ដីនៅខេត្តស៊ូម៉ាត្រាខាងលិច (West Sumatra) របស់ឥណ្ឌូនេស៊ី បានសម្លាប់មនុស្សជាង ៦០នាក់៕