អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសចូលទៅក្នុងប្រទេសលីបង់កាលពីថ្ងៃអាទិត្យ ២៥ សីហា ដោយនិយាយថាខ្លួនបានបំផ្លាញរ៉ូកែតរាប់ពាន់ដើមរបស់ក្រុមហេស្បូឡា និងរារាំងការវាយប្រហារដ៏ធំមួយ ស្របពេលចលនាប្រដាប់អាវុធរបស់លីបង់ បានទទូចថា ខ្លួនបានបញ្ជូនយានដ្រូននិងរ៉ូកែតជាច្រើនទៅលើអ៊ីស្រាអែលវិញ។

លទ្ធផលនេះអាចជាការផ្ទុះអាវុធដ៏ធំបំផុតក្នុងរយៈពេល ១០ខែនៃសង្រ្គាម ដែលបានចាប់ផ្តើមដោយការវាយប្រហាររបស់ក្រុមហាម៉ាសចេញពីតំបន់ហ្កាហ្សា ហើយបានបង្កឱ្យមានអំពើហិង្សាថ្មីរបស់ភាគីទាំងពីរនៅតាមព្រំដែនលីបង់-អ៊ីស្រាអែល និងការព្រួយបារម្ភកាន់តែខ្លាំងពីការរីកធំនៃជម្លោះនៅមជ្ឈិមបូព៌ា។

យោធាអ៊ីស្រាអែលបាននិយាយថា យន្តហោះចម្បាំងប្រហែល ១០០ គ្រឿងរបស់ខ្លួនបានវាយប្រហារជាង២៧០ គោលដៅលើក្រុមហេសបូឡា ខណៈគ្រាប់រ៉ូកែតចម្ងាយខ្លីប្រមាណ ៩០% សំដៅទៅលើភាគខាងជើងអ៊ីស្រាអែល ។

ចលនាហេសបូឡា ដែលជាក្រុមប្រដាប់អាវុធលីបង់ដ៏មានឥទ្ធិពល គាំទ្រដោយអ៊ីរ៉ង់ បានបដិសេធថា មីស៊ីលចរាប់ពាន់គ្រាប់មិនត្រូវបានបំផ្លាញ ឬថាអ៊ីស្រាអែលបានរារាំងការវាយប្រហារធំជាងនេះ។ ក្រុមនេះបាននិយាយថាប្រតិបត្តិការរបស់ខ្លួន ត្រូវបានបញ្ចប់និងសម្រេច។
ចំណែកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu វិញ បានប្រាប់គណៈរដ្ឋមន្ត្រីរបស់លោកថា ការវាយប្រហារមិនមែនជាពាក្យចុងក្រោយទេ នៅក្នុងយុទ្ធនាការប្រឆាំងនឹងក្រុម ហេសបូឡា៕