ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យ (២៥ សីហា) ថា យ៉ាងហោចណាស់មនុស្ស ២០នាក់បានស្លាប់ និងជាង ៥,២លាននាក់ បានរងផលប៉ះពាល់នៅក្នុងប្រទេសបង់ក្លាដែស ដោយទឹកជំនន់ដែលបណ្តាលមកពីភ្លៀងមូសុងមិនឈប់ឈរ និងទឹកទន្លេជោរជន់ខ្លាំង។

ទឹកជំនន់បានធ្វើឱ្យប្រជាជនជាច្រើនមិនអាចរកជំនួយបាន ហើយត្រូវការអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្លៀកបំពាក់ស្ងួតជាបន្ទាន់ ជាពិសេសនៅតំបន់ដាច់ស្រយាល ដែលផ្លូវថ្នល់ត្រូវកាត់ផ្ដាច់បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងសម្រាលបន្ទុក។

ប្រធានទីប្រឹក្សារដ្ឋាភិបាលបណ្ដោះអាសន្ន លោក ម៉ូហាម៉ាដ យូនុស (Mohammad Yunus) បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា រដ្ឋបាលបានអនុម័តវិធានការចាំបាច់ទាំងអស់ដើម្បីធានាឱ្យមានការវិលរកភាពធម្មតាវិញយ៉ាងឆាប់រហ័សសម្រាប់ជនរងគ្រោះដោយទឹកជំនន់។

ប្រជាជនមួយចំនួននៅបង់ក្លាដែស បានចោទប្រកាន់ថាទឹកជំនន់នេះបណ្តាលមកពីការបើកទ្វារទឹកទំនប់នៅឥណ្ឌា ដែលជាអ្នកជិតខាង ខណៈទីក្រុងញូវដែលី បានច្រានចោល។ នាយកដ្ឋានឧតុនិយមបង់ក្លាដែស បានព្រមានថា ស្ថានភាពទឹកជំនន់អាចនឹងបន្តកើតមានប្រសិនបើភ្លៀងមូសុងនៅតែបន្ត ដោយសារកម្រិតទឹកកំពុងស្រកចុះយឺតខ្លាំងណាស់។
ការវិភាគមួយក្នុងឆ្នាំ២០១៥ ដោយវិទ្យាស្ថានធនាគារពិភពលោក បានប៉ាន់ប្រមាណថាប្រជាជន ៣,៥លាននាក់នៅបង់ក្លាដែស ដែលជាប្រទេសមួយក្នុងចំណោមប្រទេសងាយរងគ្រោះនឹងអាកាសធាតុបំផុតនៅលើពិភពលោក បានប្រឈមនឹងហានិភ័យនៃជំនន់ទឹកទន្លេប្រចាំឆ្នាំ។ អ្នកវិទ្យាសាស្ត្រសន្មតថា ព្រឹត្តិការណ៍មហន្តរាយបែបនេះកាន់តែធ្ងន់ធ្ងរឡើងដោយសារបម្រែបម្រួលអាកាសធាតុ៕