ប្រភពព័ត៌មានសន្តិសុខរបស់ប្រទេសអេហ្ស៊ីបចំនួនពីរបាននិយាយថា ពុំមានកិច្ចព្រមព្រៀងនោះទេ កាលពីថ្ងៃអាទិត្យ សម្រាប់កិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដែលបានធ្វើឡើងនៅក្នុងទីក្រុងគែរ ដោយទាំងក្រុមហាម៉ាស និងអ៊ីស្រាអែល ពុំព្រមព្រៀងចំពោះការសម្របសម្រួលជាច្រើន ដែលបានបង្ហាញដោយអ្នកសម្របសម្រួល ដោយធ្វើឲ្យមានភាពមិនប្រាកដប្រជាជាចំពោះឱកាសទទួលបានជោគជ័យក្នុងកិច្ចខិតខំប្រឹងប្រែងដែលគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាមរយៈពេល១០ខែ មកនេះ។

កិច្ចចរចាជាច្រើនខែ បានបរាជ័យក្នុងការបង្កើតកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់យុទ្ធនាការយោធាដ៏បំផ្លិចបំផ្លាញរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ឬដោះលែងចំណាប់ខ្មាំងនៅសល់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស នៅក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមសកម្មប្រយុទ្ធ លើប្រទេសអ៊ីស្រាអែល ដែលបង្កឱ្យមានសង្រ្គាម។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Halifax ប្រទេសកាណាដា ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jake Sullivan បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន នៅតែ «ប្រឹងប្រែងយ៉ាងខ្លាំង» ធ្វើការនៅទីក្រុងគែរ ជាមួយអ្នកសម្របសម្រួលប្រទេសអេហ្ស៊ីប និងកាតា ព្រមទាំងអ៊ីស្រាអែល ដើម្បីទទួលបានបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។
ចំណុចសំខាន់នៅក្នុងកិច្ចចរចាដែលកំពុងបន្តដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា រួមមានវត្តមានរបស់អ៊ីស្រាអែលនៅច្រករបៀង Philadelpphi ដែលជាច្រកតូចចង្អៀតមានប្រវែង ១៤,៥ គីឡូម៉ែត្រតាមបណ្តោយព្រំដែនភាគខាងត្បូងតំបន់ហ្កាហ្សា ជាមួយប្រទេសអេហ្ស៊ីប។
ប្រភពព័ត៌មានបាននិយាយថា អ៊ីស្រាអែល បានសម្តែងភាពស្ទាក់ស្ទើរចំពោះអ្នកជាប់ឃុំប៉ាឡេស្ទីនជាច្រើននាក់ ដែលក្រុមហាម៉ាសកំពុងទាមទារឱ្យមានការដោះលែង ហើយអ៊ីស្រាអែល បានទាមទារឱ្យពួកគេចាកចេញពីតំបន់ហ្កាហ្សា ប្រសិនបើអ្នកជាប់ឃុំត្រូវបានដោះលែង។