មេដឹកនាំក្រុមហេសបូឡា លោក Sayyed Hassan Nasrallah បាននិយាយ កាលពីថ្ងៃអាទិត្យ ថា ក្រុមរបស់លោក នឹងវាយតម្លៃពីផលប៉ះពាល់នៃការវាយប្រហារដោយគ្រាប់រ៉ូកែត និងយានដ្រូនរបស់ខ្លួនទៅលើគោលដៅយោធាអ៊ីស្រាអែល ដោយកំពុងកំណត់ថាតើខ្លួននឹងធ្វើការវាយប្រហារបន្ថែមទៀតដើម្បីសងសឹកឲ្យមេបញ្ជាការដែលត្រូវបានសម្លាប់ ឬយ៉ាងណា។

មេដឹកនាំក្រុមប្រដាប់អាវុធលីបង់ បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ខ្លួនអាចធ្វើការវាយប្រហារ «តាមផែនការ» ដោយបដិសេធសេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែលថា ការវាយប្រហារជាមុនរបស់ខ្លួន បានបញ្ឈប់ការវាយប្រហារកាន់តែទូលំទូលាយពីក្រុមហេសបូឡា។

លោក Nasrallah បាននិយាយ ប្រហែលជា១២ម៉ោងបន្ទាប់ពីការបាញ់ប្រហារតគ្នាដ៏ខ្លាំងក្លាបំផុតរវាងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ជាមួយនិងអ៊ីស្រាអែល ចាប់តាំងពីអរិភាពបានផ្ទុះឡើងស្របគ្នាជាមួយសង្គ្រាមនៅហ្កាហ្សា ថា ក្រុមនេះមានបំណងមិនកំណត់គោលដៅលើជនស៊ីវិល ឬហេដ្ឋារចនាសម្ព័ន្ធសាធារណៈ រួមទាំងអាកាសយានដ្ឋាន Ben Gurion ក្នុង ទីក្រុង Tel Aviv ។
លោកនិយាយថា គោលដៅចម្បងរបស់ក្រុមនេះ គឺមូលដ្ឋានចារកម្មយោធាដែលមានចម្ងាយប្រហែល ១១០គីឡូម៉ែត្រក្នុងទឹកដីអ៊ីស្រាអែល ជាការវាយប្រហារចូលជ្រៅបំផុត មានចម្ងាយត្រឹមតែ ១,៥ គីឡូម៉ែត្រភាគខាងជើងទីក្រុង Tel Aviv ។
លោក Nasrallah និយាយថា ក្រុមរបស់លោកនឹងវាយតម្លៃលទ្ធផលនៃប្រតិបត្តិការ ដែលជាការសងសឹកចំពោះការសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡា លោក Fuad Shukr របស់អ៊ីស្រាអែល នៅជាយក្រុង Beirut កាលពីខែមុន។