យុទ្ធនាការបោះឆ្នោតរបស់លោកស្រី Kamala Harris បាននិយាយកាលពីថ្ងៃអាទិត្យ (២៥ សីហា) ថា បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យរូបនេះបានរៃអង្គាសប្រាក់បានចំនួន ៥៤០លានដុល្លារ ក្នុងរយៈពេលជាងមួយខែប៉ុណ្ណោះចាប់តាំងពីលោកស្រីបានចាប់ផ្តើមការប្រជែងតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក ជាមួយនឹងការកើនឡើងនៃការបរិច្ចាគដែលហូរចូលក្នុងអំឡុងពេលសន្និបាតជាតិបក្សប្រជាធិបតេយ្យកាលពីសប្តាហ៍មុន។

អនុស្សរណៈដែលបានចេញផ្សាយដោយអ្នកគ្រប់គ្រងយុទ្ធនាការរបស់លោកស្រី Harris គឺលោកស្រី ជេន អូម៉ាលី ឌីលឡុន (Jen O'Malley Dillon) បាននិយាយថា ថវិកាចំនួន ៥៤០លានដុល្លារដែលរៃអង្គាសបានរួមបញ្ចូល ៨២លានដុល្លារដែលបានហូរចូលមកក្នុងអំឡុងពេលសប្តាហ៍នៃសន្និបាត ហើយជាសញ្ញានៃភាពសាទររបស់អ្នកប្រជាធិបតេយ្យសម្រាប់បេក្ខភាពរបស់លោកស្រី Harris។ លោកស្រី Dillon បាននិយាយថា៖ នេះជាតួលេខការរៃអង្គាសច្រើនបំផុតមិនធ្លាប់មានសម្រាប់យុទ្ធនាការបោះឆ្នោតប្រធានាធិបតី ក្នុងរយៈពេលខ្លីបែបនេះ»។

លោកស្រី Harris បានក្លាយជាបេក្ខភាពប្រធានាធិបតីនៅថ្ងៃទី២១ ខែកក្កដា នៅពេលដែលលោកប្រធានាធិបតី Joe Biden ដកខ្លួនមិនប្រជែងអាណត្តិថ្មី ក្រោមសម្ពាធពីសមាជិកបក្សប្រជាធិបតេយ្យដែលបារម្ភអំពីសមត្ថភាពស្មារតី និងវ័យរបស់លោក បន្ទាប់ពីការជជែកដេញដោលដ៏រអាក់រអួលថ្ងៃទី២៧ ខែមិថុនា ប្រឆាំងនឹងលោក Donald Trump។

បេក្ខភាពលោកស្រី Harris បានបង្កើតសន្ទុះនៃការគាំទ្រដែលធ្វើឱ្យលោក Trump ស្ថិតក្នុងជំហរការពារ ហើយលោកបានជួបការលំបាកក្នុងការរក្សាចំណាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។ លោកស្រី Harris និងបេក្ខភាពអនុប្រធានាធិបតី លោក ធីម វ៉លស៍ (Tim Walz) បានបន្តដំណើរយុទ្ធនាការតាមរថយន្តក្រុងឆ្លងកាត់រដ្ឋ ចចា (Georgia) ក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកការគាំទ្រនៅក្នុងរដ្ឋដែលប្រកួតប្រជែងខ្លាំងក្នុងការបោះឆ្នោតកាលពីថ្ងៃទី០៥ ខែវិច្ឆិកា៕