ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) បាននិយាយកាលពីថ្ងៃអាទិត្យ (២៥ សីហា) ថា សហរដ្ឋអាមេរិកកំពុងប្រឹងប្រែងធ្វើការដើម្បីបញ្ចៀសការរីករាលដាលបន្ថែមទៀតនៃជម្លោះនៅមជ្ឈិមបូព៌ា បន្ទាប់ពីមានការវាយប្រហារទៅវិញទៅមកនាពេលថ្មីៗនេះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា (Hezbollah) របស់លីបង់។

ក្រុមហេសបូឡា បានបាញ់រ៉ូកែត និងយានដ្រូនរាប់រយគ្រឿងទៅកាន់អ៊ីស្រាអែល នៅព្រឹកថ្ងៃអាទិត្យ ខណៈយោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានវាយប្រហារលើប្រទេសលីបង់ ជាមួយនឹងយន្តហោះប្រហែល ១០០គ្រឿង ដើម្បីរារាំងការវាយប្រហារដ៏ធំមួយ នៅក្នុងការប៉ះទង្គិចដ៏ខ្លាំងក្លាបំផុតមួយក្នុងសង្គ្រាមព្រំដែនជាង ១០ ខែ។

លោក Sullivan បានប្រាប់សន្និសីទសារព័ត៌មានមួយនៅកាណាដាថា៖ អាមេរិក នៅតែទាក់ទងជាមួយសមភាគីអ៊ីស្រាអែល ដើម្បីចែករំលែកពីការយល់ឃើញរបស់ខ្លួនក្នុងស្ថានភាពដ៏តានតឹងនេះ ដោយបន្ថែមថា អាមេរិក នៅតែប្រឹងប្រែងធ្វើការនៅទីក្រុងគែរ ដើម្បីឆ្ពោះទៅរកការសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់តំបន់ហ្កាហ្សា ក៏ដូចជាផែនការដើម្បី «បង្កើតភាពស្ងប់ស្ងាត់នៅតាមព្រំដែនរវាងអ៊ីស្រាអែល និងលីបង់»។

រាល់ការផ្ទុះឡើងដ៏ធំណាមួយនៅក្នុងការប្រយុទ្ធដែលចាប់ផ្តើមស្របគ្នានឹងសង្គ្រាមហ្កាហ្សានេះ បង្កហានិភ័យថាអាចនឹងឈានទៅដល់ការរាលដាលនៃជម្លោះក្នុងតំបន់ ដែលអូសទាញក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តសំខាន់របស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក។ ក្រុមហេសបូឡា បានបាញ់មីស៊ីលទៅលើអ៊ីស្រាអែលភ្លាមៗបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស លើអ៊ីស្រាអែល។ ក្រុមហេសបូឡា និងអ៊ីស្រាអែល បាននិងកំពុងបាញ់ប្រហារគ្នាទៅមកឥតឈប់ឈរចាប់តាំងពីពេលនោះមក ស្របពេលដែលភាគីទាំងពីរអះអាងថាមិនចង់ឱ្យមានសង្រ្គាមទ្រង់ទ្រាយធំផ្ទុះឡើងនោះទេ៕