ទឹកជំនន់ និងបំណាក់ដី បណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងយ៉ាងគំហុក បានសម្លាប់មនុស្សយ៉ាងហោចណាស់២៦នាក់នៅក្នុងប្រទេសថៃ និងឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមមន្ត្រី និយាយថា មនុស្សជាច្រើននាក់ទៀតនៅតែបាត់ខ្លួន ហើយប្រតិបត្តិការស្វែងរកនៅតែកំពុងបន្ត។

មនុស្សយ៉ាងហោចណាស់១៣នាក់បានស្លាប់រួមទាំងប្ដីប្រពន្ធជនជាតិរុស្ស៊ីមួយគូ នៅពេលបំណាក់ដីបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីថ្ងៃព្រហស្បតិ៍ វាយប្រហាររីស៊តនៅលើកោះ ភូកេត (Phuket) របស់ប្រទេសថៃ កាលពីថ្ងៃអាទិត្យ ជំរុញឲ្យក្រុមអាជ្ញាធរចាប់ផ្ដើមប្រតិបត្តិការស្វែងរកដ៏ធំសម្រាប់មនុស្សបាត់ខ្លួនមួយចំនួន ។

ក្រៅពីគូស្នេហ៍ជនជាតិរុស្ស៊ី អ្នកស្លាប់៩នាក់ គឺជាកម្មករចំណាកស្រុកមកពីមីយ៉ាន់ម៉ា និង២នាក់ទៀតជាជនជាតិថៃ ។
សារព័ត៌មានប្រចាំថ្ងៃ Bangkok Post របស់ថៃបានរាយការណ៍ថាមនុស្សយ៉ាងហោចណាស់២០នាក់ បានរងរបួស និងផ្ទះចំនួន២០៩ខ្នង ត្រូវបានរងការខូចខាត ជាអ្វីដែលក្រុមអ្នកសង្រ្គោះបានហៅថាជាបំណាក់ដីមួយក្នុងចំណោមបំណាក់ដីធ្ងន់ធ្ងរបំផុតរបស់ខេត្ត Phuket។
ចំណែកនៅក្នុងប្រទេសឥណ្ឌូនេស៊ី មនុស្ស១៣នាក់បានស្លាប់ និងមួយចំនួនកំពុងបាត់ខ្លួនកាលពីថ្ងៃអាទិត្យ ដោយសារទឹកជំនន់ដ៏គំហុក និងបំណាក់ដីដ៏ធំ ដែលបានបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ម៉ាលូគូខាងជើង (North Maluku) ស្ថិតនៅភាគខាងកើតប្រទេសនេះ៕