ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្សេឡិនស្គី (Volodymyr Zelensky) កាលពីថ្ងៃអាទិត្យ (២៥ សីហា) បាននិយាយថា កងកម្លាំងអ៊ុយក្រែន បានវាយរុលទៅមុខបន្ថែមទៀតចូលកាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ី ដោយកងទ័ពបានឆ្ពោះទៅមុខដល់ ៣គីឡូម៉ែត្របន្ថែមនៅក្នុងតំបន់ ឃើស (Kursk) និងបានគ្រប់គ្រងតំបន់តាំងទីលំនៅចំនួនពីរបន្ថែមទៀត។

សុន្ទរកថារបស់លោក Zelensky បានកើតឡើងស្របពេលដែលអ៊ុយក្រែន បានអំពាវនាវឱ្យប្រទេសជិតខាងរបស់ខ្លួនគឺបេឡារុស ដកកងកម្លាំងនិងគ្រឿងយុទ្ធោបករណ៍ដែលបានដាក់ពង្រាយនៅតាមព្រំដែនរួមរបស់ពួកគេ។ ក្រសួងការបរទេសអ៊ុយក្រែន បានព្រមានបេឡារុសកុំឱ្យធ្វើ «កំហុសដ៏សោកនាដកម្ម» ស្របពេលដែលស្ថិតនៅក្រោមសម្ពាធពីទីក្រុងមូស្គូ។

បេឡារុស កាលពីសប្តាហ៍មុន បានបញ្ជូនយន្តហោះ កងកម្លាំងការពារដែនអាកាស និងគ្រឿងសព្វាវុធបន្ថែមទៅកាន់ព្រំដែនរបស់ខ្លួនជាមួយអ៊ុយក្រែន មួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី អាឡិចសាន់ដឺ លូកាស៊ិនកូ (Alexander Lukashenko) បាននិយាយថា លោកបានពង្រាយកងកម្លាំងប្រដាប់អាវុធជិតមួយភាគបីរបស់បេឡារុសទៅកាន់តំបន់ព្រំដែន។
ជាមួយគ្នានេះ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបញ្ជូនកាំភ្លើងធំបន្ថែមទៀតទៅកាន់តំបន់ Kursk ជាទីដែលកងកម្លាំងរុស្ស៊ី កំពុងប្រយុទ្ធទប់ទល់ជាមួយទាហានអ៊ុយក្រែនរាប់ពាន់នាក់ ដែលបានទម្លុះព្រំដែនរុស្ស៊ី តាំងតែពីថ្ងៃទី០៦ ខែសីហា មក៕