នៅថ្ងៃនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូមកពីអន្តរក្រសួង ដើម្បីចុះពិនិត្យតម្រាយផ្លូវទឹកព្រែកជីកហ្វូណនតេជោ ក្នុងខេត្តកណ្តាល និងខេត្តតាកែវ។

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូអន្តរក្រសួងដោយមានការចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន, ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម, ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមនឹងអាជ្ញាធរខេត្តកណ្ដាល និងខេត្តតាកែវផងដែរ។

ការចុះពិនិត្យនៅថ្ងៃនេះ បានធ្វើដំណើរតាមផ្លូវទឹកចេញពីចំណុចព្រែកតាហ៊ីង ស្រុកកោះធំ ខេត្តកណ្តាល ទៅស្ទឹងអង្គរ និងស្ទឹងអូរកែវ ទីរួមស្រុកអង្គរបុរី ខេត្តតាកែវ រហូតដល់ព្រំប្រទល់កម្ពុជា-វៀតណាម ខណៈរសៀលនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នឹងបន្តចុះពិនិត្យទីតាំងគ្រោងសាងសង់ទ្វារទឹកនាវាចរណ៍ ត្រង់ទំនប់អូរតុំ ដែលជាសន្ទះផ្លូវទឹកព្រែកជីកហ្វូណនតេជោ។

សូមជម្រាបថា ព្រែកជីកហ្វូណនតេជោត្រូវបានមជ្ឈដ្ឋានជាច្រើន ព្រមទាំងជំនាញមើលឃើញពីសក្តានុពលកាន់តែច្រើនសម្រាប់កម្ពុជា ជាពិសេសកំណើនសេដ្ឋកិច្ចរបស់កម្ពុជាទទួលបានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ គម្រោងនេះត្រូវបានមជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបន្តគាំទ្រយ៉ាងពេញទំហឹង ដើម្បីឱ្យគម្រោងនេះក្លាយជាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ហើយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប៕ អត្ថបទ សេក ឧត្តម



