លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានព្រមានថា ការវាយប្រហារកាលពីថ្ងៃអាទិត្យ ២៥ សីហានៅលើទឹកដីលីបង់ មិនមែនជាពាក្យចុងក្រោយទេ នៅក្នុងយុទ្ធនាការយោធារបស់ប្រទេសលោកប្រឆាំងនឹងក្រុមប្រដាប់អាវុធហេសបូឡា របស់ប្រទេសលីបង់ ។

លោក Netanyahu បានប្រាប់គណៈរដ្ឋមន្ត្រីថា យើងកំពុងវាយប្រហារក្រុមចលនាប្រដាប់អាវុធហេសបូឡាដ៏គួរឱ្យភ្ញាក់ផ្អើល ។នេះជាជំហានមួយទៀតឆ្ពោះទៅរកការផ្លាស់ប្តូរស្ថានភាពនៅភាគខាងជើង និងបញ្ជូនក្រុមអ្នកស្រុករបស់យើងត្រឡប់ទៅផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព។ ហើយខ្ញុំនិយាយម្តងទៀតថា ការវាយប្រហារនេះ មិនមែនជាពាក្យចុងក្រោយទេ។
លោកបាននិយាយថា យោធាបានបំផ្លាញ រ៉ូកែតរយៈចម្ងាយខ្លីរាប់ពាន់គ្រាប់ ដែលទាំងអស់នេះមានគោលបំណងធ្វើបាបជនស៊ីវិល និងកងកម្លាំងរបស់យើងនៅតំបន់ កាលីឡេ (Galilee)។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍ថាក្រុមហេសបូឡា មានបំណងវាយប្រហារទីស្នាក់ការរបស់ទីភ្នាក់ងារចារកម្មម៉ូហ្សាដ( Mossad) របស់អ៊ីស្រាអែលនៅជិតក្រុង Tel Aviv។
ក្រុមហេសបូឡា បានបាញ់មីស៊ីលទៅកាន់អ៊ីស្រាអែលភ្លាមៗ បន្ទាប់ពីការវាយប្រហារថ្ងៃ៧តុលា ដោយក្រុមក្មាន់កាំភ្លើងហាម៉ាសលើអ៊ីស្រាអែល។
ក្រុមហេសបូឡា និងអ៊ីស្រាអែល បានកំពុងបាញ់តបតគ្នា នៅឡើយរហូតដល់បច្ចុប្បន្ន ចាប់តាំងពីពេលនោះមក ខណៈព្យាយាមបញ្ចៀសការរីកសាយជម្លោះកាន់តែធំនៅក្នុងតំបន់ជម្ឈិមបូព៌ា៕