ប្រតិបត្តិការស្រង់បំណែកកំពុងដំណើរការ បន្ទាប់ពីនាវាកងទ័ពជើងទឹកម៉ាឡេស៊ី មួយគ្រឿងបានលិចនៅឆ្នេរសមុទ្ររដ្ឋ ចូហ័រ (Johor) កាលពីថ្ងៃអាទិត្យ (២៥ សីហា) ដោយសមាជិកនាវិកទាំងអស់មានសុវត្ថិភាព និងពុំមានការរាយការណ៍ពីអ្នករងបួសទេ។

កងនាវាចរម៉ាឡេស៊ី (TDLM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថា នាវា ខេឌី ពិនដេកា (KD Pendekar) បានលិចនៅម៉ោង ៣:៥៤នាទីរសៀល ចម្ងាយ ២ម៉ាយល៍ណត់ពីភាគអាគ្នេយ៍នៃឆ្នេរ តានចុង ពិនយូសប (Tanjung Penyusop) ក្នុងទីក្រុង កូតាទីងហ្គី (Kota Tinggi)។

កងទ័ពជើងទឹកបានបន្តថា សមាជិកនាវិកទាំង ៣៩នាក់ត្រូវបានជួយសង្គ្រោះ មុនពេលដែលនាវាត្រូវបានលិចក្នុងទឹកទាំងស្រុង និងមិនមានការរាយការណ៍ពីអ្នករងរបួសទេ ហើយនាវានោះត្រូវគេជឿថាបានបុកវត្ថុរឹងម្យ៉ាងនៅក្រោមទឹក បណ្តាលឱ្យលេចធ្លាយ និងទឹកហូរចូលខាងក្នុងភ្លាមៗយ៉ាងលឿន។
ការលេចធ្លាយនេះត្រូវបានគេរកឃើញដំបូងនៅក្នុងបន្ទប់ម៉ាស៊ីនរបស់នាវា ដែលហូរយ៉ាងឆាប់រហ័សបើទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រង និងរក្សាលំនឹងនាវាក៏ដោយ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា KD Pendekar ដែលជានាវាល្បឿនលឿនសាងសង់ក្នុងប្រទេសស៊ុយអែត ត្រូវបានដាក់ឱ្យដំណើរការនៅខែកក្កដា ឆ្នាំ១៩៧៩។
ដោយមានប្រវែង ៤៣,៦ម៉ែត្រ នាវានោះត្រូវបានបំពាក់ដោយកាំភ្លើងធំ បូហ្វរ កាណុងទំហំ ៥៥មីលីម៉ែត្រ (Bofors 57mm) កាំភ្លើងបូហ្វរ កាណុងទំហំ ៤០មីលីម៉ែត្រ និងមីស៊ីលប្រឆាំងនាវា អ៊ិចហ្សូសេត (Exocet)។ កងទ័ពជើងទឹកបញ្ជាក់ថា ក្រុមប្រឹក្សាស៊ើបអង្កេតពិសេសមួយនឹងត្រូវបានបង្កើតឡើងភ្លាមៗដើម្បីកំណត់ពីមូលហេតុនៃឧបទ្ទវហេតុនេះ៕