សមាជិកម្នាក់នៃកងពលតូចយោធាអ៊ុយក្រែននិយាយថា ទីក្រុងគីវ បានប្រើប្រាស់ទិន្នន័យស៊ើបការណ៍សម្ងាត់ដែលផ្តល់ដោយដៃគូលោកខាងលិច ដើម្បីតាមដានការចល័តរបស់កងកម្លាំងទីក្រុងមូស្គូ មុនពេលចាប់ផ្តើមការវាយប្រហារឆ្លងព្រំដែនចូលក្នុងតំបន់ ឃើស (Kursk) របស់រុស្ស៊ី។

មន្រ្តីដែលសុំមិនបញ្ចេញឈ្មោះនេះបានលើកឡើងថា ក្រុមមន្ត្រី និងទាហាននៅបញ្ជាការមូលដ្ឋានដែលមិនពាក់ព័ន្ធនឹងផែនការនោះ មិនបានដឹងអ្វីពីប្រតិបត្តិការទេ ហើយក៏មិននឹកស្មានថាវានឹងកើតឡើងដែរ។ លោកនិយាយថា កងកម្លាំងអ៊ុយក្រែនបានអនុវត្តការឈ្លបយកការណ៍យ៉ាងហ្មត់ចត់លើតំបន់ Kursk ដោយមានជំនួយពីយានដ្រូន និងផ្កាយរណប។

មន្រ្តីរូបនេះបន្តថា ដៃគូលោកខាងលិចបានផ្តល់ឱ្យពួកគេនូវទិន្នន័យស៊ើបការណ៍លម្អិតពីផ្កាយរណប ហើយប្រតិបត្តិការនឹងមិនអាចទៅរួចទេបើគ្មានព័ត៌មានចារកម្មទាំងនោះ។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា ការចល័តទាំងអស់ត្រូវបានធ្វើឡើងជាក្រុមតូចៗ និងក្នុងរថយន្តដាច់ដោយឡែក ហើយអង្គភាពវាយលុកបានចាប់ផ្តើមបញ្ចេញប្រតិបត្តិការនៅជុំចុងក្រោយយ៉ាងលឿនបំផុត។
ទាហានរូបនេះបន្ថែមថា មុនពេលចាប់ផ្តើមប្រតិបត្តិការ កងកម្លាំងអ៊ុយក្រែន ត្រូវបានដាក់ពង្រាយឡើងវិញនៅក្នុងតំបន់ ស៊ូមី (Sumy) ដែលមានព្រំប្រទល់ជាប់តំបន់ Kursk ដោយធ្វើពុតជាខ្លាចថាសត្រូវនឹងបើកសមរភូមិជួរមុខមួយទៀតនៅទីនោះ ហើយរុស្ស៊ី បានជឿលើព័ត៌មានមិនពិតនេះទើបធ្វើឱ្យការទម្លុះព្រំដែនតំបន់ Kursk ទៅបានយ៉ាងរលូន៕
