ក្រសួងសុខាភិបាលរបស់ប្រទេសហ្វីលីពីន បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសហ្វីលីពីន បានបញ្ជាក់ពីការករណីឆ្លងវីរុសជំងឺអុតស្វា(mpox) ចំនួនពីរករណីបន្ថែមទៀត ជាប្រភេទ clade 2 ស្រាលជាងមុន ដែលនាំឱ្យចំនួនករណីសកម្មកើនឡើងដល់៣ករណី។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Teodoro Herbosa បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យើងបន្តមើលឃើញការចម្លងជំងឺអុតស្វា(mpox) ប្រភេទ clade 2 នៅក្នុងប្រទេសហ្វីលីពីន។

ករណីថ្មីដែលត្រូវបានបញ្ជាក់ គឺជាបុរសអាយុ៣៧ឆ្នាំនៅទីក្រុងម៉ានីល ដែលមានចេញកន្ទួលលើរាងកាយរបស់លោកកាលពីសប្តាហ៍មុន ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋាភិបាល និងបុរសអាយុ៣២ ឆ្នាំម្នាក់ទៀត នៅរដ្ឋធានី ដែលមានដំបៅស្បែកនៅលើខ្លួនរបស់លោក។ ប្រទេសហ្វីលីពីន បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបានរកឃើញករណីវីរុសអុតស្វា(mpox) ជាវីរុសបំប្លែងខ្លួនថ្មីមានលក្ខណៈស្រាលនៅលើបុរសអាយុ៣៣ឆ្នាំ ដែលពុំមានប្រវត្តិធ្វើដំណើរទៅក្រៅប្រទេសហ្វីលីពីនឡើយ។
ករណីទាំងបីនៅឆ្នាំនេះ មានន័យថា ប្រទេសហ្វីលីពីន មានករណីដែលត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍ចំនួន១២ករណី ចាប់តាំងពីខែកក្កដា ឆ្នាំ២០២២។
អង្គការសុខភាពពិភពលោក កាលពីដើមខែនេះបានប្រកាសថាជំងឺអុតស្វា(mpox) ជាគ្រាអាសន្នសុខភាពសាធារណៈសកល ជាទម្រង់នៃការប្រកាសអាសន្នខ្ពស់បំផុតរបស់ខ្លួនលើកទីពីរ ក្នុងរយៈពេលពីរឆ្នាំមកនេះ ដោយសារការផ្ទុះឡើងវីរុសនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលបានរាលដាលដល់ប្រទេសជិតខាង។
ទម្រង់ថ្មីនៃវីរុសបានបង្កឱ្យមានការព្រួយបារម្ភជាសកល ដោយសារតែវាហាក់ដូចជារាលដាលយ៉ាងងាយស្រួល តាមរយៈទំនាក់ទំនងជិតស្និទ្ធជាប្រចាំ។