ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ (Yonhap) រាយការណ៍ថា ជើងទម្របាញ់គ្រាប់មីស៊ីលបាលិស្ទិកដែលកូរ៉េខាងជើងបាននិយាយថាខ្លួនគ្រោងនឹងដាក់ពង្រាយនៅតាមព្រំដែនជាមួយកូរ៉េខាងត្បូង ត្រូវបានគេជឿថាមានរយៈចម្ងាយ ១១០គីឡូម៉ែត្រ ដែលអនុញ្ញាតឱ្យពួកគេវាយប្រហារចូលជ្រៅក្នុងខេត្ត ឈុងឆុង (Chungcheong) ភាគខាងត្បូងនៃទីក្រុងសេអ៊ូល។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍កាលពីដើមខែនេះថា មេដឹកនាំលោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបញ្ជូនជើងទម្របាញ់មីស៊ីលបាលិស្ទិកតាកទិកចំនួន ២៥០គ្រឿង ដែលត្រូវបានពិពណ៌នាថាជាអាវុធតាកទិកដ៏ទំនើបដែលបង្កើតឡើងដោយលោក គីម ដើម្បីផ្ទេរទៅកាន់ព្រំដែន។

ក្រុមអ្នកជំនាញបាននិយាយថា ទីក្រុងព្យុងយ៉ាង អាចប្រើគ្រឿងយុទ្ធោបករណ៍ទាំងនោះដើម្បីវាយប្រហារ ឬគំរាមកំហែងទីក្រុងសេអ៊ូល។ ទោះជាយ៉ាងនេះក្ដី មន្ត្រីចារកម្មកូរ៉េខាងត្បូង មានមន្ទិលសង្ស័យទៅលើថាតើកូរ៉េខាងជើងអាចផ្គត់ផ្គង់មីស៊ីលបានគ្រប់គ្រាន់សម្រាប់ជើងទម្រចំនួន ២៥០គ្រឿងនោះដែរឬទេ ខណៈខ្លួនក៏បានផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ីផងដែរ ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី។

កូរ៉េខាងជើង និងរុស្ស៊ី ត្រូវបានចោទប្រកាន់ពីការដោះដូរអាវុធដោយទីក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន ដើម្បីជួយបំពេញស្តុកមីស៊ីល និងកាំភ្លើងធំរបស់រុស្ស៊ីសម្រាប់សង្គ្រាមជាមួយអ៊ុយក្រែន ប៉ុន្តែទាំងទីក្រុងព្យុងយ៉ាង និងក្រុងម៉ូស្គូ បានបដិសេធការចោទប្រកាន់នេះ៕