បាល់ទាត់៖ ខ្សែប្រយុទ្ធវ័យចំណាស់ស៊ុយអែត Zlatan Ibrahimovic នឹងអវត្តមានពីការប្រកួតរបស់ AC Milan ពេលទៅទឹកដី Anfield ជួបហង្សក្រហម Liverpool រាត្រីនេះដោយសាររបួស។ កីឡាករវ័យ ៣៩ឆ្នាំរូបនេះនឹងមិនធ្វើដំណើររួមក្រុមទៅកាន់ទឹកដីអង់គ្លេសឡើយ ដោយសារតែរបួសអំឡុងការប្រកួតយកឈ្នះ Lazio ចុងសប្តាហ៍កន្លងទៅ។

Zlatan Ibrahimovic បានស៊ុតបញ្ចូលទីមួយគ្រាប់ឱ្យ AC Milan យកឈ្នះ Lazio ២-០ ដែលធ្វើឱ្យគេក្លាយជាកីឡាករវ័យចំណាស់បំផុត ដែលស៊ុតបញ្ចូលទីបាននៅក្របខណ្ឌអ៊ីតាលី Serie A។ AC Milan ចាប់រដូវកាលថ្មីអ៊ីតាលី Serie A នេះបានល្អដោយឈ្នះទាំងបីប្រកួត ខណៈរាត្រីនេះនឹងជាការបង្ហាញខ្លួនលើកដំបូងនៅក្របខណ្ឌ UEFA Champions League ក្រោយពីអាក់ខានរយៈពេល ៧ឆ្នាំ។ AC Milan ស្ថិតក្នុងពូល B ដែលជាពូលតានតឹងមួយរួមជាមួយ Liverpool, Atletico Madrid និង FC Porto។ រំលឹកថា ក្រុមទាំងពីរមានប្រវត្តិជូរចត់នឹងគ្នាកាលពីឆ្នាំ២០០៥ ដែល Liverpool តាមពីក្រោយយកឈ្នះ AC Milan នៅវគ្គផ្តាច់ព្រ័ត្រ ៣គ្រាប់ និងយកឈ្នះនៅវគ្គ ១១ម៉ែត្រកាត់សេចក្តីលើកពាន មុនពេលដែល AC Milan សងសឹកបានសំរេចវិញដោយយកឈ្នះនៅវគ្គផ្តាច់ព្រ័ត្រវិញ ២ឆ្នាំបន្ទាប់៕
អត្ថបទ៖នាង សុភាវុធ