ក្រុមហ៊ួទីរបស់ប្រទេសយេម៉ែនកាលពីថ្ងៃអាទិត្យ បានសរសើរជាសាធារណៈចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហេសបូឡាលើអ៊ីស្រាអែលនៅព្រឹកថ្ងៃដដែល ដោយហៅវាថាជា «ការវាយប្រហារទ្រង់ទ្រាយធំ និងប្រកបដោយភាពក្លាហាន»។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យនយោបាយរបស់ក្រុមហ៊ួទី ក្រុមប្រដាប់អាវុធ បាននិយាយថា «ការឆ្លើយតបដ៏ខ្លាំងក្លា»របស់ក្រុមហេសបូឡា បង្ហាញពីភាពស្មោះត្រង់របស់ខ្លួនក្នុងការធ្វើតាមការកិច្ចសន្យា និងការគំរាមកំហែងរបស់ខ្លួន។
សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងជាមួយក្រុម ហ៊ួទី បានសង្កត់ធ្ងន់ថា សកម្មភាពយោធារបស់ក្រុមហេសបូឡាដែលពួកគេអះអាងថា បានជ្រៀតចូលយ៉ាងជ្រៅទៅក្នុងទឹកដីអ៊ីស្រាអែល បង្ហាញឲ្យឃើញពីសមត្ថភាព កម្លាំង និងការប្តេជ្ញាចិត្តរបស់ក្រុមប្រដាប់អាវុធលីបង់ចំពោះចេតនាដែលបានប្រកាសរបស់ខ្លួន។
នៅព្រឹកថ្ងៃដដែល ក្រុមហេសបូឡា បានប្រកាសថា ខ្លួនបានបាញ់រ៉ុក្កែតរាប់រយគ្រាប់ចូលទៅក្នុងប្រទេស អ៊ីស្រាអែល ជាការសងសឹកចំពោះការសម្លាប់មេបញ្ជាការរបស់ខ្លួន គឺលោក ហ្វូអែដ សូគឺ (Fouad Shokor) នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុងបេរូត កាលពីខែមុន។ ទន្ទឹមនឹងនោះ អ៊ីស្រាអែល បានប្រកាសថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសជាមុន សំដៅលើគ្រាប់រ៉ុក្កែតរបស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់។