បើយោងតាមមន្ត្រីជាន់ខ្ពស់ នៅទីក្រុងសេអ៊ូល បានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូងមិនព្រួយបារម្ភអ្វីឡើយអំពីបេក្ខជនដែលឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក ដ្បិតខ្លួនជឿថា នឹងធ្វើការជាមួយបុគ្គលរូបណាក៏បាន ដែលអង្គុយកៅអីសេតវិមាន ដើម្បីប្រឈមមុខនឹងការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg អនុរដ្ឋមន្ត្រីបង្រួបបង្រួម លោកស្រី Kim Soo-kyung បានប្រាប់ថា ខណៈពេលដែលវាកាន់តែពិបាក សម្រាប់ប្រជាជនកូរ៉េខាងជើង ក្នុងការគេចចេញពីរដ្ឋគាបសង្កត់នោះ មានការកើនឡើងនូវលំហូរនៃឥស្សរជនដែលរត់ទៅកាន់កូរ៉េខាងត្បូង ក្រោមការដឹកនាំរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
លោកស្រីបាននិយាយថា មុនការបោះឆ្នោតរបស់សហរដ្ឋអាមេរិក ប្រជាជនកូរ៉េខាងត្បូងមួយចំនួន បានព្រួយបារម្ភអំពីអ្វីដែលពួកគេមើលឃើញថា ជាការលុបចោលនៅក្នុងវេទិការបស់គណបក្សប្រជាធិបតេយ្យ នៅពេលនិយាយអំពីការស្វែងរកការលុបបំបាត់នុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយលោកស្រីបានបន្ថែមថា សម្ព័ន្ធភាព រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល មានភាពរឹងមាំជាងពេលណាទាំងអស់។
កាលពីថ្ងៃទី២៣ ខែសីហា លោកស្រី Kim បាននិយាយថា «យើងមិនព្រួយបារម្ភអំពីអ្វីដែលកើតឡើងបន្ទាប់ពីការបោះឆ្នោតនៅសហរដ្ឋអាមេរិកនោះទេ» ដោយការលើកឡើងនេះ កើតមានឡើងត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីគណបក្សប្រជាធិបតេយ្យបានបញ្ចប់សន្និបាតរបស់ខ្លួន។ លោកស្រីបានសង្កត់ធ្ងន់ថា ដោយមិនគិតពីលទ្ធផលខាងមុខយ៉ាងណានោះ «យើងនឹងរារាំងការគំរាមកំហែងរបស់កូរ៉េខាងជើង ជុំវិញអាវុធនុយក្លេអ៊ែរ ដោយផ្អែកលើសម្ព័ន្ធភាពដ៏រឹងមាំ រវាងប្រទេសទាំង២»។
គួរបញ្ជាក់ថា ប្រធានាធិបតីលោក Joe Biden ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol និងនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានលើកកម្ពស់កិច្ចសហប្រតិបត្តិការត្រីភាគីឲ្យដល់កម្រិតថ្មី និងបានពង្រឹងការហ្វឹកហ្វឺនរួមគ្នា ជុំវិញសេណារីយោផ្សេងៗ ដូចជាការការពារប្រឆាំងនឹងមីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើង និងការតាមប្រមាញ់នាវាមុជទឹក៕