ប្រធានាធិបតីស៊ីរី លោក បាសា អាសាដ ( Bashar Assad) បាននិយាយកាលពីថ្ងៃអាទិត្យថា ការកែលម្អទំនាក់ទំនងស៊ីរី និងទួរគី ទាមទារការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាព និងការប្តេជ្ញាចិត្តពិតប្រាកដក្នុងការដោះស្រាយបញ្ហាឫសគល់នៃភាពតានតឹងរបស់ពួកគេ។
លោក អាសាដ បាននិយាយនៅពេលថ្លែងទៅកាន់សភាប្រជាជន ដែលជាអាជ្ញាធរនីតិប្បញ្ញត្តិរបស់ប្រទេសស៊ីរី ទោះបីជាមានកិច្ចប្រជុំកម្រិតខ្ពស់ដែលសម្របសម្រួលដោយប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងអ៊ីរ៉ាក់ក្នុង រយៈពេល ៥ឆ្នាំកន្លងមកនេះក៏ដោយ ក៏ការរីកចំរើនតិចតួច ត្រូវបានធ្វើឡើង ដោយសារតែអវត្តមាននៃក្របខ័ណ្ឌច្បាស់លាស់ និងគោលការណ៍ណែនាំ។
លោកបានថ្លែងថា៖«ដើម្បីឲ្យមានភាពប្រក្រតីទំនាក់ទំនង កើតឡើង ប្រទេសទួរគី ត្រូវតែផ្លាស់ប្តូរគោលនយោបាយដែលបាននាំឲ្យមានស្ថានភាពបច្ចុប្បន្ន រួមទាំងការដកកងកម្លាំងទួរគី ចេញពីទឹកដីស៊ីរី និងការបញ្ឈប់ការគាំទ្រដល់ក្រុមភេរវករ»។
លោក អាសាដ បានសង្កត់ធ្ងន់ថា ទាំងនេះមិនមែនគ្រាន់តែជាលក្ខខណ្ឌប៉ុណ្ណោះទេ ប៉ុន្តែជាតម្រូវការជាមូលដ្ឋានសម្រាប់ជោគជ័យផ្នែកការទូត។ លោកបានអំពាវនាវឲ្យមានកិច្ចព្រមព្រៀងផ្លូវការមួយរវាងស៊ីរី និងទួរគី ដែលគូសបញ្ជាក់ពីគោលការណ៍សម្រាប់ការចរចានាពេលខាងមុខ និងធានាថា គ្រប់ជំហានទាំងអស់ គឺស្របតាមច្បាប់អន្តរជាតិ និងអធិបតេយ្យភាពនៃប្រទេសទាំងពីរ។
ទន្ទឹមនឹងនោះ លោក បាននិយាយថា ស៊ីរីត្រូវតែរក្សាភាពខ្ជាប់ខ្ជួនក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន និងស្វែងរកផលប្រយោជន៍ជាតិរបស់ខ្លួន ចំពេលមានភាពតានតឹងជាសកល នាពេលបច្ចុប្បន្ន។