ក្រុមហ៊ុនអាកាសចរណ៍ធំៗ ជាច្រើននៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុប បានប្រកាសពីការផ្អាកជើងហោះហើរទៅនិងមកពីប្រទេសអ៊ីស្រាអែល និងលីបង់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានអរិភាពកាន់តែខ្លាំងឡើងរវាងប្រទេសមជ្ឈិមបូព៌ាទាំងពីរនេះ។
យោងតាមទូរទស្សន៍បារាំង BFMTV បានឲ្យដឹងថា ក្រុមហ៊ុន Air France បានសម្រេចចិត្តផ្អាកជើងហោះហើររបស់ខ្លួន ទៅកាន់ទីក្រុងតែលអាវីវ ( Tel Aviv) របស់អ៊ីស្រាអែល និងទីក្រុងបេរូត ( Beirut) របស់ប្រទេសលីបង់ រហូតដល់យ៉ាងហោចណាស់ថ្ងៃចន្ទនេះ ដោយសារតែភាពតានតឹងកើនឡើង នៅក្នុង តំបន់។
អ្នកនាំពាក្យក្រុមហ៊ុន Air France បាននិយាយថា៖«ជើងហោះហើរថ្ងៃនេះ និងថ្ងៃស្អែក ត្រូវបានលុបចោល» ដោយបានបញ្ជាក់ថា ការផ្អាកនេះ អាចត្រូវបានពន្យារពេល បន្ទាប់ពីក្រុមហ៊ុនធ្វើការវាយតម្លៃថ្មីមួយនៅថ្ងៃចន្ទនេះ។
ដូចគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ British Airways បានប្រកាសផ្អាកជើងហោះហើរទៅកាន់ និងពីទីក្រុងតែលអាវីវរបស់អ៊ីស្រាអែល រហូតដល់ថ្ងៃពុធ។
ក្រុមហ៊ុនអាកាសចរណ៍ Wizz Air របស់ប្រទេសហុងគ្រី ក៏បានបង្ហោះនៅលើគេហទំព័ររបស់ខ្លួនថា៖ «ដោយសារតែស្ថានភាពតានតឹងកើនឡើងនៅក្នុងតំបន់ ក្រុមហ៊ុន កំពុងផ្អាកជើងហោះហើរទៅ និងមកពីអ៊ីស្រាអែលជាបណ្តោះអាសន្ន នៅថ្ងៃទី ២៥ ខែសីហា»។