ឥណ្ឌូនេស៊ី៖ មន្ត្រីបាននិយាយថា ប្រទេសឥណ្ឌូនេស៊ីបានបន្ធូរបន្ថយវិធានការការរឹតត្បិតវីរុស COVID-19 នៅលើកោះបាលីជាកោះទេសចរណ៍ដ៏ពេញនិយម ទោះបីអ្នកដំណើរអន្តរជាតិនឹងប្រឈមទៅនឹងពិធីការតឹងរ៉ឹងនៅពេលមកដល់កោះនេះ ក្នុងការជួយទប់ស្កាត់ការឆ្លងរាលដាលវីរុសបំប្លែងថ្មីក៏ដោយ។

រដ្ឋមន្ត្រីក្រសួងព្រំដែនសមុទ្រ និងវិនិយោគ លោក Luhut Panjaitan បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ភ្ញៀវទេសចរណ៍ត្រូវប្រកាន់ខ្ជាប់នូវពិធីការតឹងរ៉ឹង ដូចជាការបញ្ជាក់អំពីស្ថានភាពចាក់វ៉ាក់សាំងរបស់ពួកគេនៅលើកម្មវិធីទូរស័ព្ទ ដែលបានផ្ទៀងផ្ទាត់ដោយរដ្ឋាភិបាល។ ស្ថានភាពវីរុស COVID-19 ដែលមានភាពប្រសើរឡើងយ៉ាងឆាប់រហ័សនៅលើកោះជ្វា និងកោះបាលី បានធ្វើឱ្យកម្រិតវិធានការរឹត្បិតធ្លាក់ចុះលឿនជាងអ្វីដែលយើងបានរំពឹងទុក ដោយផ្អែកទៅលើប្រព័ន្ធរឹតត្បិតចល័តសង្គមរបស់ប្រទេសឥណ្ឌូនេស៊ី។ ទោះយ៉ាងណា ភ្ញៀវអន្តរជាតិត្រូវឆ្លងកាត់ការដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល ៨ថ្ងៃ និងធ្វើតេស្ត PCR ចំនួន ៣ដង មុនពេលពួកគេចូលទៅដល់កោះនេះ។
រដ្ឋមន្ត្រីសុខាភិបាលប្រទេសឥណ្ឌូនេស៊ី លោក Budi Gunadi Sadikin បាននិយាយថា ព្រំដែនប្រទេសនឹងនៅតែត្រូវរឹតបន្តឹង។ រដ្ឋាភិបាលបានសំរេចពង្រឹងចំណុចចូលរបស់ប្រទេស ដោយដាក់ការរឹតបន្តឹងដំណើរការធ្វើចត្តាឡីស័ក។ ផែនការបើកកោះបាលីឡើងវិញ ដល់ភ្ញៀវទេសចរបរទេសកាលពីដើមឆ្នាំនេះត្រូវបានលុបចោល ខណៈដែលប្រទេសនេះត្រូវបានវាយលុកដោយរលកទីពីរ បង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មី Delta ដែលឆ្លងខ្ពស់ត្រូវបានកំណត់ដំបូងនៅក្នុងប្រទេសឥណ្ឌា។ ប្រទេសឥណ្ឌូនេស៊ីមានករណីឆ្លងវីរុស COVID-19 ចំនួន ៤,១៧៤,២១៦ករណី និងមានអ្នកស្លាប់ ១៣៩,៤១៥នាក់៕
អត្ថបទ៖ ប៊ុនថន