ប្រធានាធិបតីស៊ីរី លោក Bashar al-Assad កាលពីថ្ងៃអាទិត្យ (ទី២៥ ខែសីហា) បាននិយាយថា កិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យប្រសើរឡើងវិញនូវទំនាក់ទំនងជាមួយប្រទេសទួរគី រហូតមកដល់ពេលនេះ មិនទាន់ចេញផលជាផ្លែផ្កាជាក់ស្តែងអ្វីនៅឡើយទេ។
គួររំលឹកថា ប្រទេសទួរគីបានផ្តាច់ទំនាក់ទំនងជាមួយស៊ីរី ក្នុងឆ្នាំ២០១១ បន្ទាប់ពីផ្ទុះឡើងនូវសង្រ្គាមស៊ីវិលស៊ីរី ដែលក្នុងនោះខ្លួនបានគាំទ្រក្រុមឧទ្ទាមដែលកំពុងប្រឹងប្រែងទម្លាក់លោក Assad ពីអំណាច។ លោក Assad ចាត់ទុកក្រុមឧទ្ទាមថា ជាភេរវករ។
ប្រធានាធិបតីស៊ីរី បានបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាលោកចង់ឲ្យទាហានទួរគីដកខ្លួនចេញពីប្រទេសស៊ីរីក៏ដោយ ក៏នោះមិនមែនជាលក្ខខណ្ឌជាមុន សម្រាប់កិច្ចពិភាក្សាទេ។
ប្រធានាធិបតីទួរគី លោក Tayyip Erdogan បាននិយាយកាលពីដើមខែកក្កដាថា លោកនឹងអញ្ជើញលោក Assad ជាផ្លូវការ «នៅពេលណាក៏បាន» សម្រាប់កិច្ចពិភាក្សាដែលអាចធ្វើទៅបាន ដើម្បីស្តារទំនាក់ទំនងឡើងវិញ។
សារព័ត៌មានទួរគីមួយ បានរាយការណ៍នៅមុននេះថា លោក Erdogan និងលោក Assad អាចជួបគ្នានៅខែសីហា ប៉ុន្តែអ្នកការទូតទួរគីម្នាក់ បានបដិសេធសេចក្ដីរាយការណ៍នេះ៕