អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា ទីក្រុងប៉េកាំង នឹងបន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ដើម្បីជួយស្វែងរកដំណោះស្រាយនយោបាយចំពោះស្ថានការណ៍ក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមទូរទស្សន៍ Central Television របស់ចិន។
លោកបានបញ្ជាក់ថា៖«ចំពោះបញ្ហាអ៊ុយក្រែន ចិនរក្សាជំហរបើកចំហ និងមិនលម្អៀង។ ប្រទេសនេះ នឹងបន្តជំរុញការចរចាសន្តិភាព និងសម្របសម្រួលដំណោះស្រាយនយោបាយ ហើយនឹងបន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលផ្នែកការទូតផងដែរ» ដោយបានអត្ថាធិប្បាយអំពីផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាបញ្ហាអ៊ុយក្រែនក្នុងអំឡុងពេលទស្សនកិច្ចរបស់ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក ចេក ស៊ុលលីវិន (Jake Sullivan) ទៅកាន់ប្រទេសចិន នៅថ្ងៃទី២៧-២៩ខែសីហា។
អ្នកការទូតចិន ក៏បានអំពាវនាវឲ្យសហរដ្ឋអាមេរិក«បញ្ឈប់ការប្រើប្រាស់ទណ្ឌកម្មឯកតោភាគីដោយមិនរើសអើង អនុវត្ត «យុត្តាធិការលើបុគ្គល ឬអង្គភាពដែលមានទីលំនៅ រស់នៅក្រៅទឹកដាក់ដីរបស់ខ្លួន» និងការបង្កាច់បង្ខូច ការដាក់សម្ពាធ និងបង្ខូចកេរ្តិ៍ឈ្មោះចិន។
មុននេះ ទីក្រុងវ៉ាស៊ីនតោន បានប្រកាសថា ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ស៊ុលលីវិន ទៅកាន់ប្រទេសចិន។ សេតវិមាន បាននិយាយថា ក្រៅពីរដ្ឋមន្ត្រីការបរទេសលោក វ៉ាង យី ( Wang Yi) លោកក៏ត្រូវបានគេរំពឹងថា នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀតផងដែរ។ យោងតាមវ៉ាស៊ីនតោន ភាគីនានានឹងពិភាក្សាជាពិសេសអំពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែន។