អនុប្រធាននៃនាយកដ្ឋានយោធា-នយោបាយសំខាន់របស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនិងជាមេបញ្ជាការកងកម្លាំងពិសេស Akhmat លោកឧត្តមសេនីយ៍ឯក អាប់ធី អាឡូឌីនូវ (Apty Alaudinov) បាននិយាយនៅថ្ងៃចន្ទនេះថា យុទ្ធជននៃកងកំលាំងពិសេស Akhmat រួមជាមួយនឹងកងពលតូចលេខ២ នៃកងកំលាំងពិសេសកាលពីថ្ងៃអាទិត្យ បានបំផ្លាញរថយន្តប្រយុទ្ធថ្មើរជើងចំនួន ២គ្រឿង រថពាសដែកចំនួន ៥ គ្រឿង និងរថក្រោះធុនស្រាល AMR ដែលផលិតដោយបារាំងចំនួនមួយគ្រឿង នៅក្នុងតំបន់ Kursk។
មេបញ្ជាការកងកម្លាំងពិសេសអាខ្មាត (Akhmat) បាននិយាយនៅក្នុងវីដេអូមួយ ដែលបានបង្ហោះនៅលើបណ្តាញ Telegram របស់លោកនៅពេលយប់ឈានដល់ថ្ងៃទី ២៦ ខែសីហាថា៖«កម្លាំងទ័ពរបស់យើង បានធ្វើការងារមួយយ៉ាងសមរម្យ»។ ««ខ្ញុំចង់និយាយថា កាលពីមួយថ្ងៃកន្លងទៅ កងកំលាំងពិសេសអាខ្មាត បានសហការជាមួយកងពលតូចលេខ ២ នៃកងកំលាំងពិសេស បានបំផ្លាញយានយន្តប្រយុទ្ធថ្មើរជើងចំនួន ២គ្រឿង រថពាសដែកចំនួន ៥ គ្រឿង និងរថក្រោះ AMR ចំនួន មួយគ្រឿង ដែលបន្ថែមលើរថយន្តចំនួន ៦គ្រឿង ដែលជាប្រភេទរថយន្តភីកអាប់។
លោកបានបន្តថា៖«រយៈពេលមួយថ្ងៃកន្លងទៅនេះ យើងក៏បានកម្ទេចក្រុមបាញ់កាំភ្លើងផ្លោង ស្វ័យប្រវត្តិមួយដើម កាំភ្លើងត្បាល់មួយដើម និងបានបំផ្លាញកាំភ្លើងកាណុងមួយផងដែរ»។ «តាមរយៈការវាយប្រហារទៅលើគ្រឿងយុទ្ធោបករណ៍ទាំងនេះ ទាហានរបស់យើង បានបង្កឲ្យ ទាហានអ៊ុយក្រែនស្លាប់និងរបួសយ៉ាងច្រើន។
លោក អាឡូឌីនូវ បានកត់សម្គាល់ថា សត្រូវត្រូវបានបញ្ឈប់ ហើយកំពុងត្រូវបានបំផ្លាញជារៀងរាល់ថ្ងៃ នៅក្នុងតំបន់ Kursk។