បាល់ទាត់៖ អតីតកីឡាករជំរើសជាតិជប៉ុន និងបច្ចុប្បន្នជាអ្នកចាត់ការក្រុមជំរើសជាតិកម្ពុជាលោក Keisuke Honda មិនទាន់គិតពីការចូលនិវត្តន៍ពីអាជីពកីឡាករឡើយ បន្ទាប់ពីរកបានទ្រនំថ្មីនៅលើទឹកដីលីទុយអានី។

កីឡាករវ័យ ៣៥ឆ្នាំរូបនេះប្រកាសពីការផ្លាស់ទៅកាន់ទឹកដីលីទុយអានី ទៅកាន់ក្លិបបាល់ទាត់ FK Suduva តាមរយៈឆានែលយូធូបនៅថ្ងៃអង្គារម្សិលមិញ។ Honda នៅទំនេរតាំងពីខែមិថុនាក្រោយចាកចេញពីក្លិប Neftchi Baku និងបានជួយក្រុមឈ្នះជើងឯកលីគកំពូលអាស៊ែបៃសង់។ ចំណែកការផ្លាស់មកកាន់ក្លិប FK Suduva ដែលស្ថិតនៅក្របខណ្ឌលីគកំពូលលីទុយអានីនេះ Honda បានចុះហត្ថលេខាដែលមានសុពលភាពត្រឹមថ្ងៃទី៣១ ខែធ្នូចុងឆ្នាំ២០២១ នេះប៉ុណ្ណោះ។
FK Suduva បានក្លាយជាក្លិបទី ១១ ហើយក្នុងអាជីពជាកីឡាករចាប់តាំងពីចាប់ផ្តើមអាជីពដំបូងនៅឆ្នាំ២០០៤ ជាមួយ Nagoya Grampus។ Honda បានប្រឡូកនៅទឹកដីអឺរ៉ុបនៅឆ្នាំ២០០៨ លេងឱ្យក្លិបហូឡង់ VVV-Venlo មុនពេលផ្លាស់ទៅកាន់ CSKA Moscow និង AC Milan ជាដើម៕
អត្ថបទ៖នាង សុភាវុធ